ក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបមន្ត្រីនគរបាលម្នាក់មិនបានសម្រេចដួលម៉ូតូរងរបួស

August 09, 2018 66

ភ្នំពេញ ៖ ​មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព​មួយរូប កំពុងជិះឌុបប្រពន្ធកូនមកពីលេងផ្ទះបងប្អូន ត្រូវបានចោរមួយក្រុម ធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូរងរបួសបែកមុខបែកមាត់ ចំណែកឯក្រុមចោរបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ហេតុការណ៍​​ឆក់កាបូបនេះកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងលើស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ​។ជនរងគ្រោះជាប្តីមានឈ្មោះ សេង វណ្ណះ ភេទប្រុស អាយុ៤៥ឆ្នាំ មន្ត្រីនគរបាលប៉ុស្តិ៍មិត្តភាព ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា។បើតាមសម្តីពីប្រពន្ធរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យ  ​ដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំងពីរនាក់ រួមទាំងកូនប្រុសអាយុ១០ឆ្នាំម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1B-2473។ ដែលទើបតែជិះចេញមកពីផ្ទះរបស់ប្អូន នៅម្តុំវត្តតាំងក្រសាំង ហើយបម្រុងជិះត្រឡប់ទៅផ្ទះវិញ នៅម្តុំថ្មដា​ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក មកតាមពីក្រោយ រួចក៏បានធ្វើសកម្មភាពឆក់កាបូបដែលជនរងគ្រោះដាក់នៅលើទូកម៉ូតូ តែមិនបានសម្រេចទេ ក៏បណ្តាលឲ្យទាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ ដួលរងរបួសបែកមុខបែកមាត់ រីឯប្រពន្ធនិងកូនជនរងគ្រោះរងរបួសស្រាល។ ភ្លាមៗនោះក្រុមជនសង្ស័យទាំងនោះបានបន្ថែមល្បឿន ជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។ ហើយនៅក្នុងកាបូបដែលក្រុមជនសង្ស័យធ្វើសកម្មភាពឆក់មិនបានសម្រេចខាងលើនោះ គឺមិនមានរបស់មានតម្លៃអ្វីនោះទេ គឺមានតែសៀវភៅមេរៀនរបស់កូនប្រុសរបស់គាត់តែប៉ុណ្ណោះ។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅគ្លីនិកសម្ភពសែនជ័យ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីរងចាំសាច់ញាតិយកឯកសារពាក់ព័ន្ធនិងម៉ូតូមកយកម៉ូតូត្រឡប់ទៅវិញនៅពេលក្រោយ៕

Loading...