យន្តហោះដឹកអ្នកដំណើររបស់អាកាសចរ ស៊ែមិន ប្រទេសចិន រត់ធ្លាក់ចេញពីផ្លូវ នៅហ្វីលីពីន

August 17, 2018 78

ម៉ានីល ៖ យន្តហោះដឹកអ្នកដំណើររបស់អាកាសចរ ស៊ែមិន ប្រទេសចិន បានធ្លាក់ចេញពីផ្លូវរត់ នៅពេលដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ នីណយ អាគីណូ បានប្រាប់សារព័ត៌មានស៊ីនហួរថា យន្តហោះធុន Boeing 737-800 ដែលចុះចតនៅអធ្រាតម៉ោង១២និង៥នាទី ថ្ងៃសុក្រ បានជួបឧបទ្ទវហេតុរអិលធ្លាក់ចេញពីផ្លូវចូលទៅលើវាលស្មៅ ។

ចំណែកប្រភពមួយផ្សេងទៀត បាននិយាយថា យន្តហោះជើងហោះហើរលេខ MF8667 មកពីទីក្រុងស៊ែមិន បានហោះក្រវែលទីក្រុងម៉ានីល ប្រមាណជា១ម៉ោងមុននឹងវាចុះចត។ ប្រភពព័ត៌មានមួយនេះ បានឲ្យដឹងទៀតថា ស្លាប និងគ្រឿងម៉ាស៊ីនយន្តហោះដែលជួបគ្រោះថ្នាក់នេះ បានរងការខូចខាតយ៉ាងដំណំ ។

យន្តហោះមួយនេះ ពេលចុះចតគឺមិនបានស្ថិតចំកណ្តាលនៃផ្លូវរត់នោះទេ ដូច្នេះ ហើយទើបធ្វើឲ្យវារអិលធ្លាក់ចូលទៅវាលស្មៅ ដែលជាតំបន់សុវត្ថិភាព។ ក្នុងគ្រោះថ្នាក់នេះ គឺមិនបណ្តាលឲ្យមានអ្នករងរបួសអ្វីឡើយ ។

ប្រភពព័ត៌មានបន្តឲ្យដឹងទៀតថា នៅដែលយន្តហោះនោះធ្វើការចុះចត គឺមេឃកំពុងតែមានភ្លៀងធ្លាក់ខ្លាំង ដូច្នេះហើយខ្យល់បោកបក់ខ្លាំង មើលផ្លូវមិនឃើញ គឺជាហេតុដែលបង្កឲ្យមានឧបទ្ទវហេតុមួយនេះ ។

អាជ្ញាធរនៃអាកាសយានដា្ឋនអន្តរជាតិ នីណយ អាគីណូ មិនបានចេញសេចក្តីថ្លែងការណ៍ផ្លូវការអំពីគ្រោះថ្នាក់នេះឡើយ ។

យ៉ាងក៏ដោយប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ការជន្លៀសបន្ទាន់បានប្រព្រឹត្តិទៅ ហើយគេឃើញមានអ្នកដំណើរខ្លះដើរជើងទទេទៀតផង។ ចំណែកក្រុមសង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋានបាន រៀបចំបោះតង់នៅក្បែរៗកន្លែងកើតហេតុ ។ រីឯអាកាសយានដ្ឋានវិញ នៅតែបើកដំណើរការជាធម្មតា ពីព្រោះថា ផ្លូវរត់ផ្សេងទៀតរបស់យន្តហោះ មិនត្រូវបានរំខានដោយគ្រោះថ្នាក់នេះឡើយ៕

Loading...