ពួករដ្ឋអ៊ីស្លាម ប្រកាសទទួលស្គាល់ការវាយប្រហារ២លើកចុងក្រោយគេ នៅក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន

August 17, 2018 103

អាហ្វហ្គានីស្ថានៈ ក្រុមជីវពលមកពីពួករដ្ឋអ៊ីស្លាម បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេគឺជាអ្នកឈរនៅពីក្រោយ ការវាយប្រហារ២លើក កាលពីពេលថ្មីៗនេះ នៅក្នុងរដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្សរាប់សិបនាក់ ។

កាលពីថ្ងៃពុធ មនុស្ស៤៨នាក់ ត្រូវបានសម្លាប់ អំឡុងការបំផ្ទុះគ្រាប់បែកមកលើមជ្ឈមណ្ឌលអប់រំ។ ភាគច្រើននៃពួកគេ គឺជានិស្សិតដែលត្រៀមប្រឡងចូលសាកលវិទ្យាល័យ ។

ដោយឡែក កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មជ្ឈមណ្ឌលហ្វឹកហ្វឺនមួយកន្លែងទៀត សម្រាប់ក្រុមសេវាកម្មចារកិច្ច រងការវាយប្រហារផងដែរ ។

ក្រុមរដ្ឋអ៊ីស្លាម បាននិយាយថា ពួកគេគឺជាអ្នកបើកប្រតិបត្តិការកងកម្មង់ដូ ធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងច្រើន ។

ក្រុមមន្រ្តីអាហ្វហ្គានីស្ថាន បាននិយាយថា យ៉ាងហោចណាស់ជីវពល២នាក់ ត្រូវបានសម្លាប់ ប៉ុន្តែពួកគេមិនបានអះអាងពីការស្លាប់ ឬរបួសមនុស្សណាផ្សេងទៀតនោះទេ ។

គួរឲ្យដឹងថា កាលពីថ្ងៃពុធ ក្រុមជីវពលតាលីបង់ បាននិយាយថា ពួកគេលែងអាចធានាបានទៀតហើយ ច្រកសុវត្ថិភាពសម្រាប់បុគ្គលិកកាកបាទក្រហមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្របពេលដែលមានជម្លោះពាក់ព័ន្ធនឹងការព្យាបាលអ្នកទោសតាលីបង់នៅក្នុងគុក នៅទីក្រុងកាប៊ុល៕

Loading...