លោក សម រង្ស៊ី ថា គណបក្សប្រជាជន ដែលទទួលជ័យជំនះ១០០ភាគរយ គួរតែដោះលែងលោក កឹម សុខា

August 20, 2018 36

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២៥អាសនៈ ក្រោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលផ្លូវការ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលទទួលជ័យជំនះ១០០ភាគរយ ដោយបានដណ្តើម យកអាសនៈរដ្ឋសភាទាំង១២៥ គួរតែដោះលែងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ។

ការថ្លែងរបស់លោកនេះ ក្រោយការប្រកាសលទ្ធផលបោះឆ្នោតហើយ លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ដែលបានចោទប្រកាន់រាជរដ្ឋាភិបាល នៅពីក្រោយខ្នងនៃឃាតកម្មលោក កែម ឡី កាលពីអំឡុងឆ្នាំ២០១៦ ត្រូវបានតុលាការបានដោះលែងឲ្យមានសេរីភាពវិញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានសរសេរថា “ក្រោយពីគណបក្សប្រជាជនកម្ពុជា របស់សម្តេច ហ៊ុន សែន បានទទួលជ័យជំនះ ១០០ភាគរយ ដោយបានដណ្តើមយកអាសនៈរដ្ឋសភាទាំង១២៥ លើ១២៥ ក្នុងការបោះឆ្នោតថ្ងៃ ២៩ កក្កដា កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា គួរតែដោះលែងលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ដែលគេបានរំលាយចំពេលវេលាមុនថ្ងៃបោះឆ្នោត” ។

លោកអះអាងថា បើនៅតែបន្តឃុំឃាំងលោក កឹម សុខា ក្នុងពន្ធនាគារទៀត បន្ទាប់ពីសម្ដេច តេជោ ហ៊ុន សែន បានទទួលជ័យជំនះ គួរឲ្យអស់សំណើចក្នុងការបោះឆ្នោតក្លែងក្លាយកន្លង ទៅនេះ។ រាជរដ្ឋាភិបាលច្បាស់ជាកាន់តែពិបាកការពារភាពស្របច្បាប់របស់ខ្លួន ដែលបានធ្លាក់ ចុះខ្លាំងទៅហើយ ចំពោះមុខសហគមន៍អន្តរជាតិ ។

លោកបន្ដថា ត្រូវតែទម្លាក់ចោលការចោទប្រកាន់លើគោកពីបទ "ក្បត់ជាតិ" ដែលគេបានធ្វើ ឡើងមកលើទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការដែលចង់ឲ្យរាជរដ្ឋាភិបាល ដោះលែងលោក កឹម សុខា ជាការប្រើវប្បធម៌និទណ្ឌភាព និងជាអន្ទាក់នយោបាយតែប៉ុណ្ណោះ ។

លោកថា “ការលើកឡើងជាមតិចង់ឲ្យមានការដោះលែងជនជាប់ចោទគ្មានអ្វីក្រៅពីចង់ប្រែក្លាយសំណុំរឿងព្រហ្មទណ្ឌ ឲ្យទៅជារឿងនយោបាយ ដែលពួកគេតែងតែប្រើពាក្យ អ្នកទោសមនសិការនោះឡើយ”៕

Loading...