កាន់តែស្រួលហើយ! អ្នកជិះរថយន្តក្រុង និងកាណូត អាចបង់ថ្លៃតាមសេវាកម្ម អេស៊ីលីដា យូនីធីទាន់ចិត្ត

August 24, 2018 125

ភ្នំពេញ៖ លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនា គារអេស៊ីលីដាថា ការប្រើប្រាស់សេវារបស់ធនាគារអេស៊ីលីដានេះ គឺមានភាពងាយស្រួល សម្រាប់ការគ្រប់គ្រងចំណូល និងទិន្នន័យអ្នកដំណើរ តាមរថយន្តក្រុង និងកាណូត និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ក្នុងការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាយ ចំណេញពេលវេលា មានសុវត្ថិភាព ចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរ ស្របតាមគោលនយោបាយ និងអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ ក្នុងការបង់កម្រៃថ្លៃដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត បានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានី (City Bus) និងធនាគារអេស៊ីលីដា ភីអិលស៊ី លើការប្រើប្រាស់សេវាកម្ម (QR Code) អេស៊ីលីដាយូនីធីទាន់ចិត្ត សម្រាប់អ្នកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត។

លោកបន្តថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ មានសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណៈ ចំនួន៨ខ្សែ ដែលមានរថយន្ត១៥៥គ្រឿង កំពុងទទួលបានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់រថយន្តក្រុង កាន់តែច្រើនដែលមានចំនួនអ្នកធ្វើដំណើរពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ក៏មានសេវាដឹកជញ្ជូនផ្លូវទឹក ចំនួន១ខ្សែ ពីស្ថានីយ៍ឫស្សីកែវ ទៅស្ថានីយ៍តាខ្មៅផងដែរ។

លោក អ៊ិន ចាន់នី បានលើកឡើងថា ការជ្រើសរើសធនាគារ អេស៊ីលីដា ភីអិលស៊ី ជាដៃគូសហប្រតិបត្ដិការ ក្នុងការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត តាមរយៈសេវាអេស៊ីលីដា យូនីធី ទាន់ចិត្តនេះ អ្នកដំណើរអាចទូទាត់កម្រៃដឹកជញ្ជូន រថយន្តក្រុង និងកាណូតបានភ្លាមៗ ដោយស្វ័យប្រវត្តិ តាមរយៈស្លាកសញ្ញា អេស៊ីលីដា QR Code ដែលមានបិទនៅលើរថយន្តក្រុង និងកាណូតទាំងនោះ។

លោកបន្តថា សេវាអេស៊ីលីដា យូនីធី ទាន់ចិត្តនេះ ជាសេវាធនាគារ តាមរយៈទូរស័ព្ទចល័ត ដែលដំណើរការដោយប្រព័ន្ធ Android និង iOS ដើម្បីទូទាត់ និងទិញទំនិញគ្រប់ទីកន្លែងតាមរយៈស្លាកសញ្ញា អេស៊ីលីដា QR Code ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់។ លោកបានបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះប្រើប្រាស់សេវាទាន់ចិត្តនេះ ជាលក្ខណៈបុគ្គល ចំនួន៦២៤,៦៨៤ និងជាដៃគូមាន ចំនួន៧,០២៤។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុប ចំនួនជាង ៥.៤៣ពាន់លានដុល្លារអាមេរិក សមតុល្យឥណទានសរុប ចំនួន៣.២៥ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុប ចំនួន ៣.៤៨ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២.៥លាននាក់ គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៨នេះ។

នាឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការបង្កើតឲ្យមានការប្រើប្រាស់សេវាអេស៊ីលីដានេះ ធ្វើឡើងដើម្បីសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានរហ័សទាន់ចិត្តលើការបង់កម្រៃសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ខណៈដែលបច្ចុប្បន្ននេះ មានរថយន្តក្រុង ចំនួន១៥៥គ្រឿង បាននិងកំពុងរត់លើផ្លូវ ចំនួន៨ខ្សែ មានចំនួនអ្នកធ្វើដំណើរពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ក្នុងមួយថ្ងៃ ហើយជាគម្រោងរដ្ឋបាលរាជធានី នឹងបន្ថែមចំនួនខ្សែរត់ថែមទៀត។

លោក ឃួង ស្រេង អះអាងថា ការបង្កើតឲ្យមានការប្រើប្រាស់សេវានេះ នឹងកាត់បន្ថយកម្លាំងកម្មពលកម្ម កាត់បន្ថយបុគ្គលិកច្រើន ហើយងាយស្រួលក្នុងការគ្រប់គ្រង់ចំណូល តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលទាមទារឲ្យប្រើប្រាស់សេវានេះ។

ជាមួយគ្នានោះ លោកអភិបាល ក៏បានធ្វើការណែនាំឲ្យរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រថ យន្តក្រុង រាជធានីភ្នំពេញ និងធនាគារត្រូវអនុវត្ត នៃការចុះហត្ថលេខានេះឲ្យបានល្អ ពិនិត្យជាប្រចាំចំពោះម៉ាស៊ីន ទូទាត់ប្រាក់ចៀសវាងការខូច បង្កការលំបាកដល់ប្រជាពលរដ្ឋ៕

Loading...