ស្រ្តីម្នាក់ ត្រូវចោរឆក់កាបូប បណ្ដាលឲ្យដួលម៉ូតូសន្លាប់ស្ដូប បញ្ជូនដល់មន្ទីរពេទ្យស្លាប់

August 24, 2018 76

ភ្នំពេញ៖ ស្រ្តីម្នាក់ បន្ទាប់ពីត្រូវចោរឆក់កាបូបលុយ បានសម្រេច បណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ធ្ងរ ឥលូវនេះ បានបាត់បង់អាយុជីវិតហើយ ក្រោយពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត បាន១ថ្ងៃប៉ុណ្ណោះ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៤៖១០នាទីទៀបភ្លឺ នៅចំណុចតិរវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣០ ភូមិ២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីឆក់កាបូបលុយ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ បង្កឡើងដោយជនសង្ស័យ២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ១គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នោះដែរ ជំហ៊ានដំបូងជនរងគ្រោះឈ្មោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុប្រហែល៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនទាន់ដឹង (ជនរងគ្រោះជិះម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ រងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ)។ ចំណែកជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មិនស្គាល់ម៉ាក។ រីឯសម្ភារៈបាត់បង់ កាបូប១ (ពុំដឹងមានសម្ភារៈអ្វីខ្លះ) ។

សមត្ថកិច្ចបានឲ្យទៀតថា រឿងហេតុកើតឡើង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៤៖១០នាទី ជនរងគ្រោះបានជិះម៉ូតូ តាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បានសម្រេច ជិះគេចខ្លួនបាត់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតក្នុងស្ថានភាពមិនដឹងខ្លួននោះទេ។

សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីធ្វើការស្រាវជ្រាវរហូតរកឃើញសាច់ញ្ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះគាត់មានឈ្មោ ស៊ិន ស្រី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ លក់ត្រី ស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិមកប្រាប់សមត្ថកិច្ចថា បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ត្រូវបានដឹកសពទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសំបែងរបស់ជនរងគ្រោះ នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាលផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះសង្ស័យដែលកំពុងតែគេចខ្លួននោះ កម្លាំងជំនាញខណ្ឌដូនពេញកំពុងបើកការស្រាវជ្រាវ ដើម្បីឈាន់ដល់ការនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាក់ជាមិនខាន៕

Loading...