ប៉ូលិសប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធរកណីឆក់ខ្សែក

August 30, 2018 110

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ធ្វើការឃាត់ខ្លួន ករណីលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹត្តអំពើហិង្សា ឆក់ខ្សែក កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៦៖៣០នាទី នៅចំណុចមុខម្តុំឃ្លាំលក់ឡាន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ សុខ សង្ហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ ហេង លីណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃតាខ្មៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងនោះសម្ភារៈបាត់បង់មាន៖ ខ្សែកដាំត្បូង ចំនួន១ខ្សែ មានតម្លៃ៣២០ដុល្លារ។ សម្ភារៈបន្សល់ទុក៖ ម៉ូតូចំនួន១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GP-4593 (របស់ជនសង្ស័យ)។​

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ បានជិះម៉ូតូចេញពីផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងគោលបំណងមកផ្ទះបងប្អូននៅសង្កាត់ក្រាំងធ្នង់ ពេលជនរងគ្រោះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង មកជិតជនរងគ្រោះ រួចជនសង្ស័យធ្វើសកម្មភាពឆក់យកខ្សែកពីជនរងគ្រោះបានហើយ ក៏ជិះម៉ូតូគេចខ្លួន រួចជនរងគ្រោះ និងគ្រួសារបានជិះម៉ូតូដេញតាមរកឃើញជនសង្ស័យ នៅម្តុំសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បាននាំគ្នាធ្វើការឃាត់ខ្លួនជនសង្ស័យបាន ក៏ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ​​​បាលខណ្ឌសែនសុខ​ ដើម្បីអនុវត្តនីតិវិធីច្បាប់ ចំណែកខ្សែកដែលជនសង្ស័យឆក់បាននោះ រូបគេ(ជនសង្ស័យ)បានឆ្លើយថា ជ្រុះបាត់ហើយ៕

Loading...