អ៊ីរ៉ង់ ច្រានចោលព័ត៌មានថា ទីក្រុងតេអេរ៉ង់ នាំមីស៊ីលបាលីស្ទិកចូលទៅកាន់ប្រទេសអ៊ីរ៉ាក់

September 03, 2018 116

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ អ៊ីរ៉ង់ បានធ្វើការច្រានចោលទាំងស្រុងចំពោះសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទីក្រុងតេអេរ៉ង់ បាននាំមីស៊ីលទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលការអះអាងបែបនេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អ៊ីរ៉ង ជាមួយប្រទេសជិតខាងខ្លួន។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ផមផ្យូ បាននិយាយតាម Twitterថា លោកមានក្តីកង្វល់យ៉ាងខ្លាំងដោយសារសេចក្តីរាយការណ៍ថា អ៊ីរ៉ង់ បានបញ្ជូនមីស៊ីលបាលីស្ទិក ទៅកាន់ប្រទេសអ៊ីរ៉ាក់។ លោកបានជំរុញឲ្យមេដឹកនាំអ៊ីរ៉ាក់ ឆាប់បង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតសភា កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ។

យោងតាមសេចក្តីរាយការណ៍ពី IRNA បានឲ្យដឹងថា លោកបារ៉ាម កាសេមី គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ព័ត៌មានបំភ្លៃពីការពិត និងគួរឲ្យអស់សំណើចមួយនេះ គ្មានបំណងអ្វីក្រៅពីធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងបរទេសរបស់អ៊ីរ៉ង់នោះទេ ជាពិសេសគឺប្រទេសជិតខាងរបស់អ៊ីរ៉ង់៕

Loading...