ចិន នឹងតបតទៅលើអាមេរិកវិញ ដែលតំឡើងពន្ធ២០០ពាន់លានដុល្លារ លើទំនិញចិន

September 07, 2018 126

ចិន ៖ ទីផ្សាពិភពលោកទាំងមូល កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើគម្រោងតំឡើងពន្ធបន្ថែម របស់ប្រធានាធិបតី ដូណាល ត្រាំ ទៅលើទំនិញនាំចូលពីប្រទេសចិន ដែលមានទឹកប្រាក់រហូតដល់ទៅ២០០ពាន់លានដុល្លារអាមេរិក។

ក្រសួងពាណិជ្ជកម្មចិន បានព្រមានថា រដ្ឋាភិបាលទីក្រុងប៉េកាំង ត្រូវបង្ខំចិត្តតបតវិញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មានសកម្មភាពតំឡើងពន្ធបន្ថែមទៀត ទៅលើទំនិញចិន។ បច្ចុប្បន្ននេះ សង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ នៅលើពិភពលោកកំពុងឈានដល់ដំណាក់កាលថ្មី ហើយតានតឹងជាងមុន។

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ទីផ្សាពិភពលោកមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដែលអាចតំឡើងងពន្ធលើទំនិញចិន បង្កផលប៉ះពាល់ដល់ទីផ្សាពិភពលោកទាំងមូល និងសេដ្ឋកិច្ចពិភពលោក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បានប្រកាសនៅក្នុងសន្និសីទប្រចាំសប្តាហ៍ថា «ប្រសិនបើអាមេរិក នៅតែបន្តតំឡើងពន្ធ មិនខ្វល់ពីការប្រឆាំង និងផលប៉ះពាល់ ចិនត្រូវបង្ខំចិត្តតបតវិញឲ្យមានសមស្របបំផុត»។

លោក Gao Feng បញ្ចាក់ទៀតថា ចិននឹងតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាព និងការជះឥទ្ធិពលដោយសារតែការតំឡើងពន្ធរបស់អាមេរិក។ រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងមានវិធានការជួយដល់ក្រុមហ៊ុនចិននៅបរទេស ឲ្យឆ្លងផុតនៅឧប្បស័គ្មទាំងនេះ។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានឲ្យដឹងថា ការតំឡើងពន្ធទៅវិញទៅមក រវាងអាមេរិក និងចិន មិនបានជួយដល់ភាគីណាមួយ ទទួលបានផលប្រយោជន៍នោះឡើយផ្ទុយទៅវិញ គឺភាគីទាំងសងខាងត្រូវខាត់បង់ដូចគ្នា៕

Loading...