ចូលរួមលើកទឹកចិត្ត កញ្ញា ម៉ាយ៉ា កូនខ្មែរកាត់បារាំង ប្រជែងភាពលេចធ្លោ ការបង្ហាញម៉ូដអន្តរជាតិ នៅអាមេរិក

September 08, 2018 493

ភ្នំពេញ ៖ ស្នាមញញឹម ផ្ទៃមុខស្រស់ស្អាត ធ្វើឲ្យមហាជន និងអ្នករៀបចំកម្មវិធីមានការរំពឹងថា តារាម៉ូដែលកូនកាត់ខ្មែរបារាំង Marianne Clais ហៅ ម៉ាយ៉ា ពិតជាមានឱកាសសាងបានភាពលេចធ្លោពីមួយដំណាក់កាលទៅមួយដំណាក់កាល ជុំវិញគម្រោងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតអន្តរជាតិ នៅសហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅអំឡុងខែតុលា ឆ្នាំ២០១៨នេះ។

កញ្ញា Marianne Cliais ត្រូវបានការយកចិត្តទុកដាក់ពីអ្នកជំនាញផ្នែកច្នៃម៉ូដ កំពុងខិតខំរចនាម្កុដដ៏ស្រស់ស្អាតទាក់ទាញបំផុត សម្រាប់នាងគ្រងក្នុងព្រឹត្តិការណ៍ដ៏កក្រើកនេះ ដូចជាលោក Remy Hou. លោក អុី សុខជា លោក ធឿន ចាន់ថា ជាអ្នកច្នៃម្កុដ រីឯលោក លី តារា ជាអ្នកឌីហ្សាញម៉ូដម្កុដ និងសំលៀកបំពាក់ ដោយបានរួមសហការគ្នាគិតពិភាក្សាយកចំណុចល្អសាងឲ្យតារាបង្ហាញម៉ូដតំណាងឲ្យកម្ពុជា មានការកត់សម្គាល់ច្រើន។

លោក Remy Hou បានលើកឡើងថា ដើម្បីរចនាគ្រឿងលម្អខ្លួនពិសេសម្កុដ ដែលនឹងឲ្យតារាបង្ហាញម៉ូតខាងលើគ្រង់ និងដើម្បីឲ្យប្រាកដថា ទាំងម៉ូតសម្លៀកបំពាក់ និងគ្រឿងលម្អខ្លួនរបស់ នារីខ្មែរ នៅលើទឹកដីសហរដ្ឋអាមេរិក ជាលើកដំបូងនេះ នឹងក្លាយជាទីចាប់អារម្មណ៍នៅលើឆាកអន្តរជាតិ។ ម្កុដនេះធ្វើពីស្មាច់ និងស្ពាន់ជ្រលក់ដោយទឹកពណ៌មាស ហើយគម្រូបានចេញជារូបរាងហើយ គឺនៅតែពេលចាក់ពុម្ពតុបតែងឲ្យកាន់តែស្រស់ស្អាត ក្នុងរចនាបទខ្មែរ ពោលគឺអាចនឹងរួចរាល់ក្នុងអំឡុងចុងខែកញ្ញានេះ។ លោកថា ទាំងស្បែកជើង សម្លៀកបំពាក់ និងគ្រឿងអលង្ការកំពុងតែលេចរូបរាងមកបណ្តើរៗហើយ ដើម្បីចូលរួមកម្មវិធីលំដាប់អន្តរជាតិ ដែលមានអ្នកបង្ហាញម៉ូដ និងអ្នកច្នៃម៉ូដមកពី៥ប្រទេស ចូលរួម មានប្រទេសឥណ្ឌា ឌូបៃ ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងកម្ពុជា។

កញ្ញា Marianne Clais ហៅ ម៉ាយ៉ា មានវ័យ១៥ឆ្នាំ នឹងចេញដំណើរទៅកាន់ទឹកដី សហរដ្ឋអាមេរិក នៅថ្ងៃទី១២ ខែតុលា ខាងមុខនេះ។

លោក Remy Hou គឺជាអ្នកច្នៃម៉ូដល្បីឈ្មោះម្នាក់ ដែលលោកចាប់ផ្តើមការងារច្នៃម៉ូដផ្នែកសម្លៀកបំពាក់ ចាប់តាំងពីឆ្នាំ២០០៨ និងម៉ូដស្បែកជើង ចាប់តាំងពីឆ្នាំ២០១០។ លោកក៏ធ្លាប់បានរចនាស្បែកជើងឲ្យតារាចម្រៀងអន្តរជាតិដ៏ល្បីឈ្មោះមួយរូបផងដែរ ដែលកន្លងមកលោកក៏ធ្លាប់ធ្វើការស្រាវជ្រាវ និងសិក្សាស្វែងយល់អំពីការរចនាស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជាអស់ជាយូផងដែរ។

តារាកូនកាត់ខ្មែរបារាំង Marianne Clais ហៅ ម៉ាយ៉ា ធ្លាប់បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយពីនាងបានបង្ហាញមុខ ក្នុងឈុតសម្លៀកបំពាក់បុរាណ រហូតដល់ថ្នាក់គេហទំព័រកម្មវិធីប្រកួតសម្រស់កញ្ញាឯកល្បីមួយសរសើរ និងស្នើឲ្យនាងចូលរួមប្រកួតប្រជែងផ្នែកសម្រស់ផងដែរ។ គេហទំព័រ ASEAN Beauty Pageant សសើរនិងប្រៀបធៀបសម្រស់ដូចរាជនី ហើយគេហទំព័រនេះ រំពឹងថា នាងអាចនឹងចូលរួមប្រកួតកម្មវិធី បវកញ្ញាកម្ពុជា នៅឆ្នាំ២០២០ខាងមុខនេះផងដែរ៕

Loading...