មន្ទីរសាធារណៈការ បានរំកិលរបាំងពុះចែកទ្រូងផ្លូវ នៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោម ដាក់បំពង់ជ័របង្កប់ខ្សែរភ្លើង

September 08, 2018 308

ភ្នំពេញ ៖ មន្ទីរសាធារណៈការ រាជធានីភ្នំពេញ បានរំកិលរបាំងពុះចែកទ្រូងផ្លូវ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចចុងស្ពានអាកាសពេទ្យលោកសង្ឃ រហូតដល់ចំណុចស្តុប បីអែស ប្រវែង៣៣០០ម៉ែត្រ ស្ថិតនៅមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌ៧មករា រាជធានីភ្នំពេញ បង្កប់បំពង់ជ័រដាក់ខ្សែភ្លើង តំឡើងបង្គោលភ្លើងនៅកណ្ដាលផ្លូវ និងដកចេញនៅបង្គោលភ្លើងអមសងខាងផ្លូវចេញវិញ ដើម្បីលម្អនៅសោភ័ណភាពទីក្រុង។

គួរបញ្ជាក់ផងដែរថា បង្គោលភ្លើងអមសងខាងផ្លូវ ជាហេតុឲ្យខាងមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដកចេញ ព្រោះបង្គោលភ្លើងអមសងខាងផ្លូវ មានខ្សែភ្លើងកាត់ទទឹងផ្លូវច្រើន ដូច្នេះមន្ទីរសាធារណៈការ បានសម្រេចរំកិលរបាំងពុះចែកទ្រូងផ្លូវ តាមបណ្ដោយមហាវិថីកម្ពុជាក្រោម ចាប់ពីចំណុចចុងស្ពានអាកាសពេទ្យលោកសង្ឃ រហូតដល់ចំណុចស្តុប បីអែស បង្កប់ដាក់បំពង់ជ័រ ដើម្បីរត់ខ្សែភ្លើង និងតំឡើងបង្គោលភ្លើងនៅកណ្ដាលផ្លូវ តាមរបាំងពុះចែកទ្រូងផ្លូវវិញតែម្ដង។

ជាចុងក្រោយមន្ទីរសាធារណៈការ រាជធានីភ្នំពេញ បានយកចិត្តទុកដាក់ នៅបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ ដែលកើតឡើងដោយកត្តាផ្លូវថ្នល់ និងអគ្គិភ័យកើតឡើងដោយឆ្លងចរន្តអគ្គិសនី ដូច្នេះបានចាត់កម្លាំងចុះត្រួតពិនិត្យ ដាក់បង្គោលភ្លើងឲ្យបានត្រឹមត្រូវ ងាយស្រួលដល់អ្នកបើកបរនៅពេលយប់ និងដើម្បីសោរភ័ណភាពក្នុងរាជធានីផងដែរ៕

Loading...