ក្រោយពីតំឡើងពន្ធទៅលើទំនិញរបស់ចិន ពេលនេះ អាមេរិក ស្នើពិភាក្សាជាមួយចិន លើវិស័យពាណិជ្ជកម្ម

September 13, 2018 116

អាមេរិក ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ចាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល ត្រាំ បានស្នើបើកកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្ម ជាមួយចិន  ដើម្បីដោះស្រាយបញ្ហាវិវាទទាំងឡាយ ដែលប្រទេសទាំងពីរ កំពុងតែប្រឈមមុខដាក់គ្នា។

ប្រភពព័ត៌មានពីសេតវិមាន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Steven Mnuchin នឹងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់អាមេរិក បានអញ្ជើញសមភាគីចិន ឲ្យចូលរួមកិច្ចពិភាក្សា ដើម្បីដោះស្រាយបញ្ហាវិវាទនៅក្នុងវិស័យពាណិជ្ជកម្ម មុនពេលអាមេរិក ត្រូតពិនិត្យ នឹងតំឡើងពន្ធ ដែលមានទឹកប្រាក់ ជាង២០០ពាន់លានដុល្លារ ដល់ប្រទេសចិន។

ជំនួបអាចនឹងធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងប៉េកាំង នៅសប្តាហ៍ក្រោយ។ សំណើរពិភាក្សារបស់អាមេរិក បានធ្វើឲ្យតម្លៃទីផ្សារមូលប័ណ្ណ និងភាគហ៊ុនងើបឡើងវិញបន្តិច នៅថ្ងៃនេះ ដោយអ្នកវិនិយោគយល់ថា វិវាទពាណិជ្ជកម្ម អាចនឹងដោះស្រាយបាន។ នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ តួលេខទីផ្សារមូលប័ណ្ណ និងភាគហ៊ុនបានកើនឡើង ចាប់ពី០,០៤ឡើងដល់០,១ភាគរយ។

ភាពតានតឹងរវាងអាមេរិក-ចិន បានកើនឡើងខ្ពស់ កាលពីខែមីនា កន្លងមក ពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ បានប្រកាសតំឡើងពន្ធដែកថែប និងអាលុយមីញ៉ូម ។ ចាប់តាំងពីពេលនោះមក ទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងប៉េកាំង បានតំឡើងពន្ធទៅលើមុខទំនិញគ្នាទៅវិញទៅមក បង្កឲ្យមានវិបត្តិក្នុងវិស័យពាណិជ្ជកម្ម ជាទ្រងទ្រាយធំ។ ចំណែកកិច្ចពិភាក្សាកន្លងមក មិនទទួលបានជោគជ័យនោះឡើយ។

កាលពីដើមខែកន្លងមក តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានប្រកាសថា ប្រធានាធិបតី ដូណាល ត្រាំ បានស្នើឲ្យតំឡើងពន្ធ ចាប់ពី១០-២០ភាគរយ ដល់ទំនិញទាំងឡាយរបស់ចិន មានតម្លៃជាង២០០ពាន់លានដុល្លារ។ កាលពីថ្ងៃទី៧ ខែកញ្ញា ប្រធានាធិបតី ដូណាល ត្រាំ បានប្រកាសតំឡើងពន្ធបន្ថែម ដល់ទំនិញនាំចូលពីចិន មានទឹកប្រាក់ ចំនួន២៦៧ពាន់លានដុល្លារអាមេរិក៕

Loading...