ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន១៥០គ្រួសារ ទទួលបានអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា

September 13, 2018 162

រតនគិរី ៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន១៥០គ្រួសារ នៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។

លោកអភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

លោកបានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលកសិកម្មគ្រប់ប្រភេទតាមលទ្ធភាពគ្រួសារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរស់នៅ ក្រោយរង់ការខូចខាតដោយទឹកជំនន់ ទន្ទឹមគ្នានេះក៏ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព។

ឆ្លៀតឱកាសនេះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងមកនេះ បានបង្ហាញឆន្ទៈតាមរយៈសន្លឹកឆ្នោត ក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ។ ក្នុងអាណត្តិថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦នេះ លោកប្តេជ្ញាខិតខំកសាង អភិវឌ្ឍន៍ និងបម្រើរាល់សេវាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ឆ្លើយតបទៅនឹងការផ្តល់នូវសេចក្តីទុកចិត្តរបស់បងប្អូន។

សូមបញ្ជាក់ថា អំណោយរបស់រាជរដ្ឋាភិបាលផ្តល់ជូននាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ឃីត១កញ្ចប់ ក្នុងនោះមាន ត្រីខ មី មុង ភួយ ជាច្រើនទៀតផងដែរ៕

Loading...