បាញ់៣​​គ្រាប់​ លាន់ឮកក្រើក​​ហាង​សាច់​អាំង​​ ​«ប្រា​ឌឺ» Brother BBQ បែរប៉ូលិស​​មូលដ្ឋាន​ថា ជារឿង…

September 14, 2018 153

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​ជិត​១១​យប់ ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ​ប្រជាពលរដ្ឋបានឮ​​ស្នូរ​ផ្ទុះអាវុធ​ ចំនួន​៣​គ្រាប់​បន្លឺ​ឡើង ​​ក្នុងជម្លោះ​ផឹកស៊ី​មួយ ​រវាង​មនុស្ស​​២​ក្រុម ​នៅ​ចំណុច​ហាង​សាច់​អាំង​​ ​យីហោ «ប្រា​ឌឺ» ( Brother BBQ ) ស្ថិត​ក្នុងភូមិ​តា​ងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ប៉ុន្តែ​ករណី​​នេះ​ បែរជា​ត្រូវ​បាន​នគរបាល​មូលដ្ឋាន​​បញ្ជាក់​ថា ជា​ករណី​ហិង្សា​ធម្មតា ហើយ​សង​សំណង​ទៅ​ម្ចាស់​ហាង​បញ្ចប់រឿង​ទៅ​វិញ។

យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ ​ពីប្រជា​​ពលរដ្ឋ​ជា​ច្រើន​នាក់ ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ថា នៅ​វេ​លាយប់​កើតហេតុ គឺ​មាន​មនុស្ស​២​ក្រុម ​បាន​កំពុង​អង្គុយ​ហូប​ចុក​នៅ​ហាង​ខាងលើ ដោយ​ក្នុង​នោះ​មួយ​ក្រុម​ហូប​ចុក​ជា​លក្ខ​ណៈ​ធម្មតា និង​មួយ​ក្រុម​ទៀត​ ជា​លក្ខ​ណៈ​កម្មវិធី​ខួប​កំណើត។

លុះ​រហូត​មក​ទល់​នឹង​វេលា​ម៉ោង​១០៖​២០​នាទី​យប់ ​ថ្ងៃ​​ដដែល មិនដឹង​ថា​ មានរឿង​អ្វី​កើតឡើយនោះទេ ស្រាប់​តែ​អ្នក​ដែល​កំពុង​អង្គុយ​ហូប​ចុក​ទាំង​​នោះ​​បង្ក​ហិង្សា​ដាក់​គ្នា ដោយ​បាន​វាយតប់​គ្នា​ទៅវិញទៅ​មក និង​បាន​គប់​កែវ​ចាន​ដាក់គ្នា ​ពេលនោះ​​គេ​បានឮ​សូរ​ស្នូរ​ផ្ទុះអាវុធ​ចំនួន​១​គ្រាប់ ​បាន​បន្លឺ​ឡើង ។ ភ្លាម​ៗ​នោះ ​ក្រុម​អ្នក​បង្ក​ជ​ម្លាះ​ទាំង​សងខាង ក៏​បាន​ផ្អាក​ការ​វាយតប់​គ្នា​​​បន្តិច ហើយ​ក៏​បន្ត​វាយតប់​គ្នា​កាន់តែ​ខ្លាំង​ថែម​ទៀត ជា​ហេតុ​ធ្វើ​ឲ្យមានការ​ផ្ទុះអាវុធ​ឡើង​លើ​ចំនួន​២​គ្រាប់​បន្ថែម​ទៀត ទើប​ក្រុម​អ្នក​ទាំង​នោះសម្រេច​បញ្ចប់​ហិង្សា។

ក្រោយ​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន​ជា​ច្រើន​នាក់ បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​ខាងលើ​ផង​ដែរ។ ប៉ុន្តែ​ក្រោយមក​កម្លាំង​នគរបាល​ក៏​ចាក​ចេញពី​ទីតាំងនោះទៅ​វិញ​ធម្មតា ដោយ​ពុំឃើញ​មានការ​ឃាត់ខ្លួន​មនុស្ស​ណា​ម្នាក់ ​យក​ទៅ​សាកសួរ​នាំ​ឡើយ ជុំវិញ​ករណី​ហិង្សារ​រហូត​មានការ​ផ្ទុះអាវុធ​ខាងលើ​នេះ។

នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​និរោធ លោក​ ហេង សុវណ្ណ​តា​រ៉ា បាន​ប្រាប់ឲ្យដឹង នា​ព្រឹក​ថ្ងៃ​ទី​១៣  ខែកញ្ញា​ ឆ្នាំ២០១៨នេះ​​ថា ករណី​ខាងលើ​នេះ គឺជា​ករណី​ហិង្សា​ធម្មតា​ប៉ុ​ណ្ណោះ ដែល​បង្ក​ឡើង​រវាង​មនុស្ស​២​ក្រុម ហើយ​ក្នុងនោះ ពុំមានការ​ផ្ទុះអាវុធ​​ឡើយ បន្ទាប់​ពី​លោក​និង​កម្លាំង​ក្រោម​ឱវាទ​ បាន​ចុះ​ទៅ​សាកសួរ​នាំ និង​ពិនិត្យ​នៅ​ទីតាំង​កើតហេតុ​រួច​មក។ លោក​បន្ត​ថា ជុំ​វិញ​ករណី​នេះ ភាគី​អ្នក​បង្ក​ហិង្សា​សម្រេច​សង​សំណង​ថ្លៃ​ខូចខាត​សម្ភា​រៈទៅ​ម្ចាស់​ហាង​ ចំនួន​២០០​ដុល្លារ ដើម្បី​បញ្ចប់រឿង។

លោក ​ម៉ៅ សឿ​ត អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​​​​ដែរ​ថា ករណី​ខាងលើ​នេះ នគរបាល​ប៉ុស្តិ៍​ពុំបាន​រាយការណ៍​ពី​ដំណើររឿង​អ្វី​សូ​ម្បីបន្តិចសោះ ទៅ​កាន់​រូប​លោក​ដែល​ជា​មេ​កើយ ហើយ​លោក​ក៏​មិន​បានដឹង​អ្វី​ឡើយ​ទាក់ទង​នឹង​ហេតុ​ការណ៍​ខាងលើ​នេះ ថា​ជា​ករណី​ហិង្សា​ធម្មតា ឬ​ករណី​ហិង្សា​រហូត​មានការ​ផ្ទុះអាវុធ ?

សូម​បញ្ជាក់​ថា ជុំ​វិញ​ករណី​ខាងលើ​នេះ គេ​ពុំ​ទាន់​ដឹង​ថា អ្នក​ដែល​ផ្ទុះអាវុធ​នោះ ជាន​ណារ​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់ ​រង​របួស​ក្នុង​អំពើ​ហិង្សា​ខាងលើ​នោះ​ដែរ ។ យ៉ាងណាមិញ ក្រុម​ពលរដ្ឋ​ជិតខាង អំពាវនាវ​ដល់​នគរបាល​ពាក់ព័ន្ធ មេត្តា​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ផង ដើម្បី​មាន​វិធាន​ការណ៍​ផ្លូវច្បាប់​ចំ​ពោះ​អ្នក​ដែល​ប្រព្រឹត្តិ​ខុស ព្រោះពួក​គាត់​ទាំងអស់​គ្នា​ដែល​រស់នៅ​ជុំ​វិញ​នោះ​ពិតជា​បានលឺ និង​បានឃើញ​ថា មានការ​ផ្ទុះអាវុធ​ពិតប្រាកដ​មែន ចុះ​ហេតុ​អ្វី​នគរបាល​មូលដ្ឋាន​ចុះ​មក​បាន​ត្រឹម​សាកសួរ​នាំ​ធម្មតា ហើយ​ចាកចេញ​ទៅ​វិញ​ដោយ​គ្មាន​ចំណាត់ការ​អ្វី​បន្តិច​ចំ​ពោះជន​បង្ក និង​ម្ចាស់​ទីតាំង​ទៅ​វិញ។ យ៉ាង​វិញ​ជុំ​វិញ​ករណី​ខាងលើ​នេះ ម្ចាស់​ទីតាំង​ពុំ​អាច​ទំនាក់ទំនង​សុំការ​បំភ្លឺ​បាន​ឡើយ។

ទន្ទឹម​នឹង​នេះ​ដែរ តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ បានឲ្យដឹង​ថា ទីតាំង​ហាង​សាច់​អាំង​ខាងលើ គឺ​តែងតែ​បង្ក​ការ​រំខាន​ខ្លាំង​បំផុត​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ លើ​បញ្ហា​អ្នក​ហូប​ចុក​ស្រែកឡេ​រឡូ និង​ចាក់​បទ​ភ្លេង រួច​ជាមួយ​ការ​ច្រៀង​លេង​កម្សាន្ត បង្ក​ជា​សម្លេង​រំពង​អើ​ង​កង​ខ្លាំង​ៗ រំខាន​ដល់​ដំណេក​របស់​ពួក​គាត់​នា​ពេល​រាត្រី ព្រោះ​ការ​ហូប​ចុក​របស់​ពួក​គេ គឺ​មាន​ពេល​ខ្លះ​អាច​ទៅ​ដល់​ម៉ោង​១២ ឬ​១​រំលង​អធា​ត្រ​ក៏​មាន​ដែរ ។ ក្រុម​ពលរដ្ឋ​ធ្លាប់​បាន​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍ និង​សង្កាត់​ផង​ដែរ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ល្អ​ណាមួយ​អ្វី​បន្តិច​សោះ៕

Loading...