បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ជាអ្នកលួចស្លាកលេខរថយន្ត និងអ្នកទទួលផលចោរកម្ម ទៅតុលាការ

September 17, 2018 176

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ទាំងអ្នកជំនាញខាងលួចស្លាកលេខរថយន្ត ទាំងអ្នកទទួលផលចោរកម្ម ក្រោយពីកម្លាំងព្រហ្មទណ្ឌស្នងការក្រុងភ្នំពេញ ចាប់ខ្លួនបានក្នុងរយៈពេល២ថ្ងៃ ជាបន្តបន្ទាប់ រួមទាំងដកហូតបានវត្ថុតាងជាច្រើនរួចមក នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់តុលាការ ដើម្បីឲ្យព្រះរាជអាជ្ញាធរសាកសួរ និងដាក់បន្ទុកជាផ្លូវការហើយ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១-ឈ្មោះ លី អ៊ីឆែ ហៅឆែ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូរឺម៉កកង់បី PassApp ស្នាក់នៅមិនពិតប្រាកដ ឃាត់ខ្លួនបាននៅចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ជាអ្នកជំនាញខាងដើរលួច ស្លាកលេខរថយន្ត, ទី២-ឈ្មោះ ចាន់ ណាវុឌ្ឍ ហៅមី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២G ផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់នៅចំណុចផ្ទះសំណាក់ខ្លឹមច័ន្ទ ផ្លូវលេខ៤១៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជាអ្នកទទួលផលចោរកម្ម, ទី៣-ឈ្មោះ បូ វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្សវិទ្យាល័យបាក់ទូក ស្នាក់នៅ ផ្ទះលេខ២០E០ ផ្លូវលេខ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ជាអ្នកទទួលផលចោរកម្ម ឃាត់នៅចំណុច ផ្លូវលេខ៦៧ កែងផ្លូវឌឿងហែម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបាន កាលពីថ្ថៃទី១៤ ខែកញ្ញា ខណៈដែលធ្វើសកម្មភាពលួចដោះស្លាករថយន្ត ហើយឈានដល់ថ្ងៃទី១៥ បន្ទាប់សមត្ថកិច្ចបន្តឃាត់ខ្លួនបាន២នាក់បន្ថែមទៀត ជាអ្នកទទួលផលចោរកម្ម៕

Loading...