មេដឹកនាំ​កូរ៉េខាងជើង​ នឹងបំពេញ​ដំណើរទស្សនកិច្ចទៅកាន់​ទីក្រុងសេអ៊ូល ក្នុងពេលដ៏ខ្លី​ខាងមុខនេះ

September 19, 2018 114

ទីក្រុងព្យុងយ៉ាង ៖ មេដឹកនាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងបំពេញ​ដំណើរទស្សនកិច្ចទៅកាន់​ទីក្រុងសេអ៊ូល ក្នុងអនាគតដ៏ខ្លី​ខាងមុខនេះ ខណៈលោក និងប្រធានាធិបតី​កូរ៉េខាងត្បូង ​លោក មូន ជែអ៊ីន ក៏បានឯកភាពគ្នា​ថា នឹងប្រឹងប្រែង​ធ្វើឲ្យឧបទ្វីបកូរ៉េ ​គ្មានអាវុធនុយក្លេអ៊ែរ និងគ្មាន​ការគំរាមកំហែង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារ​ព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ការលើកឡើង​ខាងលើរបស់​លោក គីម ជុងអ៊ុន ធ្វើឡើងនៅក្នុង​ជំនួបមួយទល់នឹងមួយ ជា​មួយលោក មូន ជែអ៊ីន ក្នុងឱកាស​ចូលរួមក្នុងកិច្ចចរចា​ជុំទី២ នៅថ្ងៃពុធនេះ។ កិច្ចប្រជុំនេះ ត្រូវ​បានធ្វើឡើងនៅឯ​វិមានរដ្ឋ ភែកហ្វាវ៉ុន (Paekhwawon) នៃទីក្រុងព្យុងយ៉ាង ហើយមិនតែប៉ុណ្ណោះ ​នៅក្នុងជំនួបនោះ​មេដឹកនាំទាំងពីរ ​ក៏បានចុះហត្ថលេខា​លើសេចក្ដីថ្លែងការណ៍រួមមួយ​ផងដែរ ប៉ុន្តែភា្លមៗ​មិនទាន់មាន​ការបញ្ជាក់លម្អិត​អ្វីនៅឡើយ​ទេ។

គួរជម្រាបថា បើតាមការ​គ្រោងទុក​លោក មូន ជែអ៊ីន នឹងត្រូវត្រឡប់​ទៅកាន់ទីក្រុង​សេអ៊ូលវិញ នៅថ្ងៃព្រហស្បតិ៍​ស្អែកនេះ ហើយលោកនឹងត្រូវ​បន្តធ្វើដំណើរទៅកាន់​ទីក្រុងញូយ៉ក ដើម្បីជួបជា​មួយលោក ដូណាល់ ត្រាំ នាឱកាសចូលរួម​កិច្ចប្រជុំ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​ នៅសប្ដាហ៍​ក្រោយនេះ៕

Loading...