រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង នៅខែតុលាខាងមុខនេះ

September 27, 2018 90

អាមេរិក ៖ លោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នៅខែតុលាខាងមុខនេះ ដើម្បីពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជើង ពាក់ព័ន្ធនឹងការរៀបចំជំនួបកំពូលជាលើកទី២ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

ការប្រកាសបែបនេះ របស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងក្រោយជំនួបរវាងលោក ប៉ុមប៉េអូ និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ ក្នុងទីក្រុងញូយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ។

ក្រសួងការបរទេសអាមេរិក បានឲ្យដឹងដូច្នេះថា “លោករដ្ឋមន្ត្រីការបរទេស ប៉ុមប៉េអូ បានទទួលលិខិតអញ្ជើញពីលោកប្រធាន គីម ក្នុងការបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៅខែតុលាខាងមុខនេះ ដើម្បីត្រួសត្រាយផ្លូវរៀបចំជំនួបកំពូលជាលើកទី២ រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធាន គីម”។

គួររំលឹកថា លោក ម៉ៃក៍ ប៉ុមប៉េអូ ធ្លាប់មានគម្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ម្ដងរួចមកហើយ កាលពីខែសីហាកន្លងទៅ។ ប៉ុន្តែដំណើរទស្សនកិច្ចនេះ ត្រូវបានលុបចោលទៅវិញ ដោយលោក ដូណាល់ ត្រាំ ដោយអះអាងថា មកពីខ្វះភាពរីកចម្រើននៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ហើយបើសិនជាដំណើរទស្សនកិច្ចនេះកើតឡើងមែន នោះវានឹងក្លាយជាលើកទី៤ ដែល លោក ប៉ុមប៉េអូ យកជើងជាន់ដីកូរ៉េខាងជើង៕

Loading...