ស្ត្រីម្នាក់ ដេកស្លាប់ក្នុងផ្ទះ សង្ស័យប្ដីទី៣ ជាអ្នកវាយសម្លាប់

September 28, 2018 52

ប៉ោយប៉ែត ៖ ស្ត្រីម្នាក់ បានស្លាប់នៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយដាក់ការសង្ស័យថា ប្ដីទី៣ ជាអ្នកវាយសម្លាប់ កាលពីវេលាម៉ោង៦៖៤៥នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិត្រសេកជ្រុំ ឃុំ/ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា ស្ត្រីរងគ្រោះមានឈ្មោះ ឃ្លោក ថាញ់ អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិល្វា ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យជាប្ដីឈ្មោះ ទុង ថា អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ស្នាក់កន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា មុនកើតហេតុ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងមក ប្ដីប្រពន្ធខាងលើ បានមកពីលេងផ្ទះសាច់ញាតិខាងស្រី លុះល្ងាចថ្ងៃដដែល ទើបនាំគ្នាត្រលប់មកវិញ ក៏ផឹកស៊ីបន្តិចបន្តួចមានជម្លោះនឹងគ្នា ប្ដីក៏បានវាយធ្វើបាបប្រពន្ធទល់ភ្លឺ។ ប្រភពថា ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់ ចាប់ពីពេលដែលមានជម្លោះនោះមក ទើបក្រោយពេលមានជម្លោះ ប្ដីដែលជាជនសង្ស័យដឹងថា ប្រពន្ធឈឺធ្ងន់ ក៏មានការថ្នាក់ថ្នមប្រពន្ធ លុះថ្ងៃកើតហេតុដឹងថា ប្រពន្ធស្លាប់ជនសង្ស័យបានជិះម៉ូតូឌុបគេចខ្លួនបាត់។

ប្រភពបន្ថែមថា ស្ត្រីជនរងគ្រោះជាមួយប្ដីជាជនសង្ស័យ ទើបតែបានគ្នារយៈពេលបីខែប៉ុណ្ណោះ ហើយក៏ជាប្ដីទី៣ និងជាប្រពន្ធទី៣ដែរ ហើយស្រីរងគ្រោះមានកូនប្រុសស្រីបីនាក់នៅក្នុងបន្ទុក។

ស្ត្រីរងគ្រោះចាប់ពីទ្រូងរហូតដល់ទៅលើមុខ គេឃើញមានស្នាមជាំជាច្រើនកន្លែង ដែលគេដាក់ការសង្ស័យឃាតកម្មគឺប្ដីជាអ្នកសម្លាប់ ព្រោះនៅកន្លែងកើតហេតុ សមត្ថកិច្ចប្រមូលបានវត្ថុតាងបំពងទីប និងកាំបិតផ្គាក់ ចំណែកប្ដីជាជនសង្ស័យបានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ ហើយសមត្ថកិច្ចកំពុងតែស្រាវជ្រាវឃាត់ខ្លួនមកសួរនាំ៕

Loading...