ស៊យធំ! ឆក់ទូរស័ព្ទដៃបានសម្រេច រត់គេចមិនរួច ត្រូវពលរដ្ឋដេញស្ទាក់ចាប់បាន២នាក់ ប្រគល់ឲ្យសមត្ថកិច្ច

October 03, 2018 144

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូស្មាស់វី ១គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ I Phone7 បានសម្រេចពីបុរសម្នាក់ ហើយព្យាយាមជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ស្រែកចោរផ្អើលអ្នកដំណើរតាមផ្លូវ ជួយដេញតាមស្ទាក់ចាប់បាន ប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ តាន់ ឡុងដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិក្រាំងអង្ក្រងទី២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ទី២-ឈ្មោះ ប៉ែន ជ័យសុភា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិគោកឃ្លាង២ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យជិះម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BM-5615 ជាមធ្យោបាយធ្វើសកម្មភាព។ ចំណែកជនរងគ្រោះមានឈ្មោះ សាយ ស៊ីណាត ភេទប្រុស អាយ៤២ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅផ្ទះជួលនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជិះម៉ូតូចេញពីធ្វើការងារ ឆ្ពោះទៅផ្ទះជួល ដល់ចំណុចខាងលើ គាប់ជួនអ្នករួមការងារទូរស័ព្ទចូលមក ទើបទាញទូរស័ព្ទ I Phone7 មកទទួល កំពុងនិយាយ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះតាមពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃបានសម្រេច ហើយព្យាយាមបើករត់គេច គាត់បានស្រែកចោរ ផ្អើលពលរដ្ឋ អ្នកដំណើរ ជួយអន្តរាគមន៍ដេញស្ទាក់ចាប់ខ្លួនបាន២នាក់តែម្តង រួចប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Loading...