លោក មូន ជែអ៊ីន ជំរុញឲ្យបារាំង បន្ធូរបន្ថយការទណ្ឌកម្ម ប្រឆាំងនឹងកូរ៉េខាងជើង

October 16, 2018 59

បារាំង ៖ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ បានចុះផ្សាយថា លោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា ទណ្ឌកម្មអន្តរជាតិ ប្រឆំាងនឹងកូរ៉េខាងជើង គួរតែត្រូវបានបន្ធូរបន្ថយ នៅក្នុងករណីដែលទីក្រុងព្យុងយ៉ាងចាប់ផ្ដើមអនុវត្តការរំសាយអាវុធនុយក្លេអ៊ែរ។

ការអំពាវនាវខាងលើរបស់លោក មូន ជែអ៊ីន ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុងប៉ារីស ជាទីដែលលោក មូន បានជំរុញឲ្យបារាំងដែលជាសមាជិកអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ជួយបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង បើសិនជាលក្ខខ័ណ្ឌនៃការរំសាយអាវុធនុយក្លេអ៊ែរត្រូវបានអនុវត្ត។

បន្ថែមពីលើនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយជំនួបទ្វេភាគី លោក ម៉ាក្រុង បានកត់សម្គាល់ថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង គួរតែត្រូវអនុវត្តរហូតដល់ទីក្រុងព្យុងយ៉ាងរំសាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុង។ ប៉ុន្តែ ប្រធានាធិបតីបារាំងរូបនេះ បានអះអាងថា បារាំងនឹងគាំទ្រដល់នីតិវិធីរំសាយអាវុធនុយក្លេអ៊ែរ បើសិនជាកូរ៉េខាងជើងពិតជាកំពុងដើរលើផ្លូវត្រឹមត្រូវមែននោះ។ ចំណែកឯលោក មូន ជែអ៊ីន ក៏បានយល់ស្របនឹងការបន្តរក្សាដាក់ទណ្ឌកម្មនេះដែរ ក៏ប៉ុន្តែលោកថាការដាក់សម្ពាធ និងទណ្ឌកម្មគួរតែត្រូវបានបន្ធូរបន្ថយដើម្បីលើកទឹកចិត្តកូរ៉េខាងជើង។

លោក មូន ជែអ៊ីន បានគូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា សហគមន៍អន្តរជាតិ គួរតែផ្ដល់ការធានាឲ្យកូរ៉េខាងជើងថា កំពុងដើរលើផ្លូវត្រឹមត្រូវ និងលើកទឹកចិត្តឲ្យទីក្រុងព្យុងយ៉ាងបង្កើនល្បឿននៃនីតិវិធីរំសាយអាវុធនុយក្លេអ៊ែរ តាមរយៈការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម»។

គួរបញ្ជាក់ថា បើទោះជាបច្ចុប្បន្ន ស្ថានភាពនៅលើឧបទ្វីបកូរ៉េ មានភាពធូរស្រាលក៏ពិតមែន ប៉ុន្តែសហរដ្ឋអាមេរិក នៅតែបន្តរក្សាការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងជាអតិបរាម៉ាដដែល ដោយអះអាងថា ទីក្រុងព្យុងយ៉ាង មិនបានចាត់វិធានការជាក់លាក់ណាមួយក្នុងការ រំសាយអាវុធនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ ក៏មានសេចក្ដីរាយការណ៍ដែរថាកូរ៉េខាងជើងបានបដិសេធផ្ដល់បញ្ជីទីតាំងរោងចក្រនុយក្លេអ៊ែរឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ទៀតផង នាឱកាសដែលលោកបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីសប្ដាហ៍មុន៕

Loading...