សួស វីហ្សា ត្រូវ​អ្នក​គាំទ្រ​មើល​ឃើញ​​ថា គ្មាន​វាសនា​ល្បី​ជាង ឱក សុគន្ធកញ្ញា ទោះ​បាន​​​កៅអី​ជំនួស សុគន្ធ នីសា​

October 17, 2018 139

កម្សាន្ត ៖ តារាចម្រៀងស្រី មានទឹកដមសំឡេងក្រអូនក្រអៅ អាចច្រៀងបានចម្រៀងច្រើនទម្រង់ គឺកញ្ញា សួស វីហ្សា នាងហាក់ឡើងកូដខ្លាំង បន្ទាប់ពីឡើងតំណែងជាគ្រូបង្វឹក ក្នុងកម្មវិធី «The Voice Kids Cambodia»។ ការមកជំនួសតំណែងរបស់ សុគន្ធ នីសា នេះ ត្រូវបានគេដឹងថា ហង្សមាស មានការយកចិត្តទុកដាក់ចំពោះនាងខ្លាំង តែមានកត្តាបូកផ្សំ ទាំងប្រជាប្រិយភាព និងសមត្ថភាពរបស់នាងផងដែរ។ ក្នុងកម្មវិធី «The Voice Kids Cambodia» រដូវកាលទី២ ដែលកំពុងដំណើរការដល់វគ្គ The Battles នេះ គេសំឡឹងឃើញថា ប្រជាប្រិយភាពរបស់គណៈកម្មការស្រីទាំងពីរ គឺ ​សុគន្ធ កញ្ញា និង សួស វីហ្សា មិនចាញ់គេនោះទេ។ តែយ៉ាងណា សួស វី​ហ្សា ត្រូវបានអ្នកគាំទ្រមើលឃើញថា នាងនៅតែមិនអាចប្រជែងយកឈ្នះ ឱក សុគន្ធកញ្ញា ដែលមានអនាគតស្វាមី ជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាសនោះឡើយ។

ការលើកឡើងបែបនេះ របស់អ្នកគាំទ្រ បន្ទាប់ពីអ្នកនិយមតាមដានវិស័យសិល្បៈ បានសង្កេតឃើញថា ការចូលកាន់ក្នុងតំណែងជាគ្រូបង្វឹក របស់កម្មវិធី «The Voice Kids Cambodia» នោះ ប្រៀបបាននឹងបើកផ្លូវឲ្យតារាចម្រៀង វីហ្សា អាចស្តារមុខមាត់ ហើយនឹងមានឱកាសបានងើបមុខមាត់ បានល្បីល្បាញខ្លាំងជាងមុន។ អ្វីដែលសំខាន់ បច្ចុប្បន្ន​កំពូលតារាស្រី ឱក សុគន្ធកញ្ញា តែងតែធ្វើដំណើរកំសាន្ត សាងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយ គូដណ្តឹងយ៉ាងញឹកញាប់ តាំងពីបានភ្ជាប់ជាមួយគ្នា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មក ខណៈនេះជាឱកាសមួយ ធ្វើឲ្យវីហ្សា ​សាងប្រជាប្រិយភាពកាន់តែខ្លាំង។

ទោះមានការលើកឡើងបែបនេះក្តី តែវាមិនអាចទៅរួចនោះទេ ដែលចង់យកឈ្នះ ឬមានការល្បីជាង ឱក សុគន្ធកញ្ញា នោះ ព្រោះរយៈពេលជាច្រើនឆ្នាំ ដែល សួស វីហ្សា ឈរជើងនៅហង្សមាស នាងត្រូវបានអ្នកជំនាញសិល្បៈនិយាយថា គោលបំណងរបស់នាង ដែលចង់ក្លាយជាតារាមួយដួងល្បីប្រចាំផលិតកម្ម ឬជាគ្រាប់ពេជ្រ ប្រចាំផលិតកម្ម ត្រូវបានរលាយបាត់ទៅហើយ ព្រោះក្រៅពី ឱក សុគន្ធ កញ្ញា ដែលនាងក្លាយជាប្អូនថ្លៃលោកថៅកែហង្សមាស នៅមាន ពេជ្រ សោភា និងកំពូលតារាល្បីៗប្រុសស្រីជាច្រើនដួងទៀត។

គួរជម្រាបថា បច្ចុប្បន្ន សួស វីហ្សា ត្រូវបានគេដឹងថា កំពុងមានចំណងស្នាហាផ្អែមល្ហែមជាមួយ លោក ប៊ុនថុល ប៊ុនថង ហៅថមមី ក្រោយបានផ្តាច់ពាក្យពីគូដណ្តឹង លោក មាស សាឡី។ ខណៈជារឿយៗ គេតែងតែឃើញលោក ថមមី បង្ហាញវីដេអូ ដូចជារូបភាពផ្អែមល្ហែម ជាមួយតារាស្រីមានដើមកំណើត នៅខេត្តស្វាយរៀងរូបនេះ ថែមទាំងបានប្រកាសជាចំហទៀត​ថា លោកស្រឡាញ់តែវីហ្សា ម្នាក់គត់ ដោយគ្រោងនឹងរៀបការជាមួយនាង នាពេលខាងមុខនេះទៀតផង៕

Loading...