រយៈពេល៤៨ម៉ោង មានកញ្ចប់គ្រាប់បែកច្នៃ​ជាច្រើន ផ្ញើ​ទៅកាន់​ផ្ទះ និងការិយាល័យ​ នៃអ្នកនយោបាយអាមេរិក​ល្បីៗ

October 25, 2018 56

វ៉ាស៊ីនតោន ៖ យោងតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ប៉ូលិសសហរដ្ឋអាមេរិក ក្នុងរយៈពេល៤៨ម៉ោងប៉ុណ្ណោះ មានកញ្ចប់គ្រាប់បែកច្នៃ​ជាច្រើន ត្រូវបានផ្ញើ​ទៅកាន់​ផ្ទះ និងការិយាល័យ​ នៃអ្នកនយោបាយអាមេរិក​ល្បីៗ​ មកពីគណបក្សប្រជាធិបតេយ្យ​ជាច្រើននាក់ ក្នុងនោះរួមមាន​ទាំងការិយាល័យ​របស់​សារព័ត៌មាន CNN ក្នុងទីក្រុង​ញូយ៉ក​ផងដែរ។

យោងតាមប៉ូលិស គោលដៅផ្ញើនៃកញ្ចប់គ្រាប់បែក​ច្នៃដូចៗគ្នា​ទាំងនេះ ​មានដូចជា ​អតីតប្រធានាធិបតី​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី​អាមេរិក លោក ប៊ីល គ្លីនតុន និងភរិយា​របស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន មហាសេដ្ឋី​ដែលជាម្ចាស់ជំនួយដ៏ធំ នៃគណបក្ស​ប្រជាធិបតេយ្យ លោក ចន សូរ៉ូស (George Soros) សមាជិកសភាបក្ស​ប្រជាធិបតេយ្យ​លោកស្រី ដិបប៊ី វ៉ាស្ស៊ឺម៉ាន់ ស្កាល់ស៍ (Debbie Wasserman Schultz) រួមទាំងការិយាល័យសារព័ត៌មាន CNN ក្នុងទីក្រុង​ញូយ៉ក។

ដោយឡែក ថ្លែងក្នុងសន្និសីទសារព័ត៌មាន ​នៅឯនាយកដ្ឋានប៉ូលិស ​នៃទីក្រុងញូយ៉ក អភិបាលក្រុង​ញូយ៉ក លោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill De Blasio) ក៏បានចាត់​ទុកផងដែរថា សកម្មភាពទាំងនេះ​ គឺជាទង្វើភេរវកម្មយ៉ាង​ច្បាស់ក្រឡែត និងជាការបំភិតបំភ័យមេដឹកនាំអាមេរិក​ តាមរយៈសកម្មភាព​ហិង្សា។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ​មិនមានការបញ្ជាក់​លម្អិត ពីហេតុការណ៍នេះ​នៅឡើយ​នោះទេ ខណៈការស៊ើប​អង្កេតកំពុងធ្វើ​ឡើង។ ក៏ប៉ុន្តែ អ្វីដែល​គេដឹងគេថា ការផ្ញើកញ្ចប់គ្រាប់ច្នៃ​ទៅកាន់អ្នកនយោបាយ​បក្សប្រជាធិបតេយ្យ កើតមានឡើង​នៅចំពេលសហរដ្ឋអាមេរិក​កំពុងត្រៀមរៀបចំ​ការបោះឆ្នោត​សភាពាក់កណ្ដាល​អាណត្តិ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៦ ខែវិច្ឆិកា​ខាងមុខនេះ៕

Loading...