កូរ៉េខាងត្បូង និងកូរ៉េខាងជើង សម្រេចដកហូតអាវុធ និងប៉ុស្តិ៍យាមកាមចេញពីតំបន់សន្តិសុខរួម JSA ស្ថិតនៅក្នុងតំបន់គ្មានយោធា DMZ

October 26, 2018 65

សេអ៊ូល ៖ បើយោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ បានផ្សាយថា ទីបំផុ…កូរ៉េខាងត្បូង និងកូរ៉េខាងជើង សម្រេចដកហូតអាវុធ និងប៉ុស្តិ៍យាមកាមចេញពីតំបន់សន្តិសុខរួម (JSA) ស្ថិតនៅក្នុងតំបន់គ្មានយោធា (DMZ) ទាំងស្រុង នៅថ្ងៃព្រហស្បតិ៍នេះ ហើយដែលនេះគឺជាសញ្ញាវិជ្ជមានថ្មីមួយទៀត នៃការផ្សះផ្សាទំនាក់ទំនងឡើងវិញ រវាងបងប្អូនកូរ៉េទាំង២។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថា យោធាកូរ៉េខាងត្បូង និងកូរ៉េខាងជើង រួមទាំងទីបញ្ជាការអង្គការសហប្រជាជាតិ បានដករាល់កាំភ្លើង អាវុធ និងប៉ុស្ដិ៍នយាមកាមចេញពីតំបន់ JSA នៅម៉ោង១រសៀល (ម៉ោងនៅក្នុងតំបន់)។ ការសម្រេចចិត្តដកហូតអាវុធនេះ ត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងគ្នាពីប្រមុខការពារជាតិកូរ៉េទាំង២ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅឯទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ក៏ប៉ុន្តែទន្ទឹមគ្នា ទាហានគ្មានអាវុធ៣៥នាក់ ទាំងខាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងនឹងត្រូវដាក់ ឲ្យឈរជើងនៅក្នុងតំបន់ JSA។

គួរបញ្ជាក់ថា ចាប់តាំងថ្ងៃទី១ ខែតុលាមក យោធាមកពីកូរ៉េខាងជើង និងកូរ៉េខាងជើង បានដឹកនាំប្រតិបត្តិការមួយមានរយៈពេល២០ថ្ងៃ ដើម្បីដោះគ្រាប់មីនក្នុងតំបន់ JSA ដែលត្រូវបានកប់នៅក្រោមដី បន្ទាប់ពីកូរ៉េចែកជាពីរ ក្រោយសង្រ្គាមកូរ៉េបញ្ចប់នៅឆ្នាំ១៩៥០-​១៩៥៣៕

Loading...