លោក ត្រាំ៖ បណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិក កំពុងប្រើប្រាស់ករណីកញ្ចប់គ្រាប់បែកច្នៃ ជាលេសនយោបាយ ប្រឆាំងនឹងរូបលោក

October 27, 2018 108

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ​ ប្រធានាធិបតីអាមេរិក បានចោទប្រកាន់បណ្ដាប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា កំពុងប្រើប្រាស់ករណីកញ្ចប់គ្រាប់បែកច្នៃ ដែលត្រូវបានគេបញ្ជូនទៅឲ្យក្រុមអ្នកនយោបាយរិះគន់រូបលោក ជាលេសនយោបាយមួយប្រឆាំងនឹងរូបលោក មុននឹងការបោះឆ្នោតសភាពាក់កណ្ដាលអណត្តិចូលមក ដល់នៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខនេះ។

ការលើកឡើងបែបនេះ របស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងយុទ្ធនាការឃោសនាមួយ ក្នុងទីក្រុង Charlotte រដ្ឋ North Carolina នៅថ្ងៃសុក្រសប្ដាហ៍នេះ និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ្នកគំាទ្ររបស់លោកម្នាក់ ឈ្មោះ Cesar Sayoc ត្រូវបានចាប់ខ្លួនក្នុងរដ្ឋ Florida ពាក់ព័ន្ធនឹងកញ្ចប់គ្រាប់បែកច្នៃ។ ថ្លែងនាឱកាសនោះ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា “យើងបាន ឃើញហើយកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ ដើម្បីប្រើប្រាស់ករណីកញ្ចប់គ្រាប់បែកច្នៃ និងសកម្មភាពរបស់បុគ្គលម្នាក់ ជាលេសនយោបាយប្រឆាំងនឹងរូបខ្ញុំ និងគណបក្សសាធារណរដ្ឋ...ក៏ប៉ុន្តែខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទប់ស្កាត់អំពើហិង្សាផ្នែកនយោបាយ”។

គួរបញ្ជាក់ថា ក្រុមភ្នាក់ងារស៊ើបអង្កេត FBI កាលពីថ្ងៃសុក្រ បានចាប់និងឃុំខ្លួន​បុរសម្នាក់ ឈ្មោះ Cesar Sayoc ដោយសង្ស័យថា ​មានជាប់ពាក់ព័ន្ធនឹងករណីផ្ញើកញ្ចប់គ្រាប់បែកច្នៃ ទៅកាន់​អ្នកនយោបាយ​ល្បីៗ ​​នៃ​បក្ស​ប្រជាធិបតេយ្យ ក៏ដូចជាបុគ្គល ដែលរិះគន់ប្រឆាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កញ្ចប់គ្រាប់បែកច្នៃ (មិនផ្ទុះ) ទាំងនេះមានរហូតដល់ទៅ១៣កញ្ចប់ និងត្រូវបានផ្ញើទៅកាន់អ្នកនយោបាយ និងបុគ្គល្បីៗដូចជា៖ ទី១- មហាសេដ្ឋី ​លោក ចច សូរ៉ូស (George Soros) (១កញ្ចប់), ២- អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) (១កញ្ចប់), ៣- អតីតប្រធានាធិបតី​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា (Barack Obama) (១កញ្ចប់), ៤-អតីតអនុប្រធានាធិបតី​អាមេរិក ​លោក ចូ បៃដិន (Joe Biden) (២កញ្ចប់), ៥- អតីតនាយក CIA​ លោក ចន ប្រេនណិន (John Brennan) (១កញ្ចប់), ៦- អតីតអគ្គរដ្ឋអាជ្ញា ​លោក អេរិច ហូលដឺ (Eric Holder) (១កញ្ចប់), ៧- សមាជិកសភាបក្ស​ប្រជាធិបតេយ្យ​មកពីរដ្ឋកាលីហ្វរញ៉ា លោកស្រី ម៉ាស៊ីន វ៉តធើស៍ (Maxine Waters) (២កញ្ចប់), ៨- តារាសម្ដែង Robert De Niro (១កញ្ចប់), ៩- ព្រឹទ្ធិសមាជិកបក្សប្រជាធិបតេយ្យ លោក ខូរី ប៊ុកឃើ (Cory Booker) (១កញ្ចប់), ១០- ​អតីត​នាយកស្ថាប័នស៊ើបការណ៍សម្ងាត់ជាតិ (DNI) លោក ជែម ឃ្លែបពើ (James Clapper) (១កញ្ចប់), ១១- សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) (១កញ្ចប់)៕

Loading...