រកឃើញ​បំណែកខ្លះៗ​ នៃយន្តហោះឥណ្ឌូណេស៊ី ដែលធ្លាក់​​ចូលក្នុងសមុទ្រ​ ជាមួយ​មនុស្សជិះ​នៅលើនោះ ចំនួន១៨៨នាក់

October 29, 2018 38

ឥណ្ឌូណេស៊ី ៖ អ្នកនាំពាក្យ​ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) បានបង្ហោះរូបភាព​ជាច្រើនសន្លឹកនៅលើ Twitter របស់លោក​​ដោយអះអាងថា រូបថតទាំងនេះបង្ហាញពីបំណែក​បែកបាក់ និងសម្ភារៈ​មួយចំនួនរបស់​អ្នកដំណើរ ​នៃយន្ដហោះ Boeing 737 MAX 8 ដែលបានធ្លាក់​នៅព្រឹកមិញនេះ។

លោក Sutopo Purwo Nugroho បានបញ្ជាក់នៅ​ក្នុងសន្និសារព័ត៌មានថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang), នៃកោះ Bangka Belitung នៃចង្កោមកោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៨នាក់។ លោក Nugroho ឱ្យដឹង​ទៀតថា ក្នុងចំណោម​មនុស្ស​ទាំង ១៨៨នាក់, មានមនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៥នាក់ផ្សេងទៀត។

គួរបញ្ជាក់ថា អ្នកនាំពាក្យ​ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយឥណ្ឌូណេស៊ីដដែល ចែករំលែកវីដេអូ​មួយនៅលើ Twitter ផងដែរ ហើយថា​វីដេអូនេះ​ត្រូវបានថតចេញពីទូកអ្នក​ជួយសង្រ្គោះមួយ​គ្រឿងនៅឆ្នេរ Karawang ស្ថិតនៅភាគខាងកើត​រដ្ឋធានីហ្សាការតា ដោយបង្ហាញ​ពីបំណែកយន្ដហោះ​ខ្លះៗ ក្នុងនោះរួមទាំងកៅអី និងសម្ភារៈរបស់​អ្នកដំណើរ ដែលអណ្ដែតនៅលើទឹកសមុទ្រ។

ដោយឡែក ​បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក យន្តហោះឥណ្ឌូណេស៊ី​​ប្រភេទ Boeing 737 MAX 8 ជាកម្មសិទ្ធិ​របស់​អាកាសចរណ៍ Lion Air បាន​ធ្លាក់ទៅ​ក្នុង​សមុទ្រ​​ ក្រោយពីទើបហោះ​ចេញពី​អាកាសយានដ្ឋាន​រដ្ឋធានី​ហ្សាការតា ឆ្ពោះទៅ​កាន់​​កោះស៊ូម៉ាត្រា​បាន ១៣នាទីនោះតែប៉ុណ្ណោះ។

យន្តហោះរបស់អាកាសចរណ៍ក្នុងស្រុកខាងលើនេះ បានធ្លាក់នៅត្រង់ចំណុចដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​មិនទាន់​មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់ពីជោគវាសនានៃមនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ​ ទី២៩ ខែតុលា ឆ្នាំ២០១៨៕

Loading...