សហរដ្ឋអាមេរិក បញ្ជូនកងទ័ព ចំនួន៥,២០០នាក់ ទៅកាន់តំបន់ព្រំដែនអាមេរិក-​មិចស៊ីកូ ខណៈជនភៀសខ្លួនកើនឡើង

October 30, 2018 93

សហរដ្ឋអាមេរិក ៖ នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ សារព័ត៌មាន BBC បានផ្សាយថា មន្ទីរបញ្ចកោណកំពុងបញ្ជូនកងទ័ព ចំនួន៥,២០០នាក់ ទៅកាន់តំបន់ព្រំដែនអាមេរិក-​មិចស៊ីកូ ខណៈជនភៀសខ្លួន មកពីតំបន់អាមេរិកកណ្ដាលរាប់ពាន់នាក់ បាននឹងកំពុងសម្រុកចូលមកកាន់ព្រំដែនអាមេរិក តាមរយៈប្រទេសមិចស៊ីកូ។

ជាមួយគ្នានោះដែរ លោក Terrence O'Shaughnessy បានឲ្យដឹងថា ប្រតិបត្តិការឈ្មោះ Operation Faithful Patriot នឹងត្រូវផ្ដោតសំខាន់លើតំបន់ព្រំដែន នៃរដ្ឋតិចសាស់ រដ្ឋអារីហ្សូណា និងរដ្ឋកាលីហ្វ័រញ៉ា។ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បានព្រមានថា នឹងបញ្ជូនកងទ័ព ទៅកាន់តំបន់ព្រំដែនជាប់ជាមួយមិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួនមកពីតំបន់អាមេរិកកណ្ដាល។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កងកម្លាំងឆ្មាំជាតិអាមេរិក ចំនួន២,១០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ព្រំដែនរួចរាល់ហើយ ក្រោយមានសំណើពីលោក ដូណាល់ ត្រាំ កាលពីខែមេសា៕

Loading...