គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលរបៀបវារៈមួយចំនួន

November 01, 2018 57

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យមើលរបៀបវារៈមួយចំនួន ក្នុងនោះមានទាំងសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ផងដែរ។

របៀបវារៈដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ធ្វើការពិភាក្សា និងអនុម័តរួមមានដូចខាងក្រោម៖ ទី១- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ធ្វើការពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ទី២- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ទី៣- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពី បត្យាប័ន រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ទី៤- អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖

* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់កំណូល។

* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

កិច្ចព្រមព្រៀងនេះ ប្រគល់ជូនដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕

Loading...