អាជ្ញាធរ​ឥណ្ឌូណេស៊ី រកឃើញ​ និងស្រង់យកប្រអប់ខ្មៅ របស់យន្តហោះធ្លាក់ចូលសមុទ្រ

November 01, 2018 162

ចាហ្សាតា ៖ សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយថា អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ​ បានរកឃើញ​ និងស្រង់យកប្រអប់ខ្មៅមួយ​ ក្នុងចំណោមប្រអប់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះ ក្រុមហ៊ុន​អាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃចន្ទ ដើម​​​សប្តាហ៍នេះ ​ជាមួយមនុស្ស ១៨៩នាក់ នោះហើយ។

ខណៈប្រតិបត្តិកា​ររុករក​ បានឈានចូល​ដល់ថ្ងៃទី៤ ប្រអប់ខ្មៅខាងលើ ត្រូវបានរកឃើញ និងស្រង់ចេញពី​ផ្ទៃសមុទ្រ​​នា​វេលា​ម៉ោង​១០៖១៥នាទី​ព្រឹក ថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែល​​យន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅ​ឡើយទេថា ជាប្រអប់ខ្មៅផ្ទុកទិន្នន័យ​​ហោះ​ហើរ ដែលគេ​ហៅថា Flight Data Recorder ឬក៏ប្រអប់ខ្មៅ​ផ្ទុកសំឡេង ដែលគេ​ហៅថា Cockpit Voice Recorder។

គួរជម្រាបថា ក្រុមភ្នាក់ងារ​ជួយសង្រ្គោះនិងរុករក បានផ្តោតសំខាន់​ទៅលើការស្វែងរកប្រអប់ខ្មៅ​ទាំងពីររបស់យន្ត​ហោះ ខណៈដែល​​ក្រុមអ្នក​ស៉ើបអង្កេតកំពុង​ព្យាយាមកំណត់​មូលហេតុ ដែលបង្កឲ្យ​យន្តហោះ Boeing ស៊េរីថ្មីនេះធ្លាក់។ ដោយឡែក ​ការស្វែងរកសាកសព​អ្នកដំណើរ និងសម្ភារៈជាច្រើន ​នៃយន្តហោះ ក៏បាននឹងកំពុងធ្វើ​ឡើងព្រមគ្នាដែរ​ឈានចូលដល់ថ្ងៃទី៤ នៃ​ការរុករកនេះ៕

Loading...