អារ៉ាប៊ី សាអូឌីត​ បើកការវាយប្រហារតាមផ្លូវអាកាស ទៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែង ក្នុងទីក្រុងសាណាអា ប្រទេសយ៉េមែន

November 02, 2018 105

រីយ៉ាដ ៖ ក្រុមចម្រុះអារ៉ាប់ ដឹកនាំដោយអារ៉ាប៊ី សាអូឌីត​ បានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅឯអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងសាណាអា ប្រទេសយ៉េមែន ដែលកំពុងត្រូវបានប្រើប្រាស់ដោយក្រុមឧទ្ទាមហ៊ូទីគាំទ្រ ដោយអ៊ីរ៉ង់ ក្នុងការបាញ់គ្រាប់មីស៊ីលប្រឆាំងនឹងអារ៉ាប៊ី សាអូឌីត។

អ្នកនាំពាក្យក្រុមចម្រុះអារ៉ាប់ លោក Turki al-Malki បានបញ្ជាប់ប្រាប់ទូរទស្សន៍ al-Ekhbaria TV នៅថ្ងៃសុក្រនេះទៀតថា យន្ដហោះនៅឯអាកាសយានដ្ឋាន និងកិច្ចការមនុស្សធម៌របស់អន្តរជាតិ មិនបានទទួលរងផលប៉ះពាល់ពីការវាយប្រហារនេះទេ ហើយថាព័ត៌មានបន្ថែមនឹងត្រូវបានលម្អិតនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរសៀលថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អារ៉ាប៊ី សាអូឌីត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ អំពាវនាវឱ្យគ្រប់ភាគីជម្លោះទាំងអស់នៅក្នុងប្រទេសយ៉េមែនទម្លាក់អាវុធចុះ​ ដើម្បីបើកផ្លូវឆ្ពោះទៅរក កិច្ចចរចាបញ្ចប់សង្រ្គាមស៊ីវិលដឹកនាំដោយអង្គការសហប្រជាជាតិ នៅខែវិច្ឆិកានេះ។

សង្រ្គាមស៊ីវិលនៅក្នុងប្រទេសយ៉េមែន បានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ២០១៥ និងបានផ្ដាច់យកអាយុជីវិតមនុស្សរាប់ពាន់នាក់ ខណៈប្រជាជនយ៉េមែនជាងពាក់កណ្ដាលនៃប្រជាជនសរុបកំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។ នេះបើតាមអ្នកនាំពាក្យក្រុមចំរុះ ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨៕

 

Loading...