យន្តហោះចម្បាំង​រុស្ស៊ីមួយគ្រឿង​ ​ហោះ​ស្កាត់​​​​យន្តហោះ​យោធា របស់អាមេរិក ​នៅលើសមុទ្រខ្មៅ វា​ជាទង្វើគ្រោះថ្នាក់បំផុត

November 06, 2018 85

ម៉ូស្គូ ៖ ក្រសួងការពារជាតិ​រុស្ស៊ី បានឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ យន្តហោះចម្បាំង​រុស្ស៊ីមួយគ្រឿង​ធុន Su-27 បាន​ហោះ​ស្កាត់​​​​យន្តហោះ​យោធាធុន EP-3E Aries របស់អាមេរិក​នៅលើសមុទ្រខ្មៅ​ ក្បែរ​ដែនអាកាស​រុស្សី ខណៈទីក្រុងវ៉ាស៊ីនតោន ​បានអះអាងថា​ យន្តហោះ​រុស្ស៊ីបានហោះមក​កៀកយន្តហោះ​ខ្លួនខ្លាំង នៅលើដែន​អាកាស​អន្តរជាតិ។

ជុំវិញ​ហេតុការណ៍នេះ យោធាអាមេរិកបាន​ហៅសកម្មភាព​របស់​យន្តហោះចម្បាំងរុស្ស៉ីថា ជាទង្វើគ្រោះថ្នាក់បំផុត ដោយសារតែយន្តហោះ​នោះបានហោះមកឆាបចំពីមុខយន្តហោះ​​​របស់ខ្លួន ដែលអាចធ្វើឲ្យ​​អាកាសយានិក និងសហសេវិកនៅលើនោះ​មានគ្រោះថ្នាក់​បាន​។​ ​ដោយឡែក​ក្រសួងការពារជាតិរុស្ស៉ី​បានលើកឡើងថា យន្តហោះ​ចម្បាំង Su-27 បានហោះអម​យន្ត​ហោះ​អាមេរិក​ ​ចេញ​ពី​ដែន​អាកាស​​​រុស្ស៉ី​ដោយស្របទៅ​តាមក្បួនខ្នាតសន្តិសុខ និងសុវត្ថិភាព​ត្រឹមត្រូវ។

គួរជម្រាបថា បើតាមការអះអាង​របស់ក្រសួងការពារជាតិ​អាមេរិក យន្តហោះ​យោធា EP-3 កំពុងតែធ្វើប្រតិបត្តិការ​ប្រចាំថ្ងៃ នៅពេល​ដែលហេតុការណ៍​ខាងលើបានកើតឡើង ដោយពុំមែនជាការ​​ចង់បង្ករឿង​ ឲ្យមានការឆ្លើយតបពីរុស្ស៉ី​ឡើយ។ តំបន់ដែនសមុទ្រ​ខ្មៅ(Black Sea) ​ត្រូវបានគេដឹងថា ជាទីតាំងឈរជើងមួយរបស់រុស្ស៊ីយ៉ាងរឹងមាំ ហើយសហរដ្ឋអាមេរិក​ក៏ព្យាយាមបង្កើនវត្តមាន​របស់ខ្លួន​នៅទីនោះផងដែរ ដើម្បីទប់ទល់​ឥទ្ធិពលផ្តាច់មុខ​របស់រុស្ស៊ី៕

Loading...