ចាប់ខ្លួនចោរឆក់ម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីជនជាតិកូរ៉េបានសម្រេច តែរត់មិនរួច ត្រូវប៉ូលិសក្របួចជាប់

November 10, 2018 52

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិកូរ៉េម្នាក់ បានសម្រេច តែព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានកម្លាំងនគរបាលល្បាតឃើញដេញតាមក្របួចបានម្នាក់​ នៅវេលាម៉ោង១៖៣០នាទីរសៀល ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្ទះលេខ៣៦៩អឺ០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា អ៊ាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១២២បេ ផ្លវលំ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកបានរួមមាន៖ ​ម៉ូតូមួយគ្រឿងម៉ាក YAMAHA XR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FS-3148, កាបូបដៃ ពណ៌សូកូឡាមួយ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយ (ជារបស់ជនសង្ស័យ)។ កាបូបពណ៌ខ្មៅ, Ipad4 ពណ៌ប្រផេះមួយ, កាសទូរស័ព្ទដៃ ពណ៌ខ្មៅ ម៉ាក JABRA មួយ, កាបូបលុយ ពណ៌ខ្មៅមួយ ប្រគល់ជូនជនរងគ្រោះ ឈ្មោះ KIM JAEMOON ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខ M62106352 ស្នាក់នៅផ្ទះសំណាក់អូហាណាផ្ទះលេខ៤ ផ្លូវលេខ១៤៨ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ មានជនសង្ស័យ៣នាក់ ជិះម៉ូតូ៣គ្រឿង (ម្នាក់១គ្រឿង) ដោយពេលនោះជនសង្ស័យម្នាក់ ឈ្មោះ ជា អ៊ាង ដែលជិះម៉ូតូម៉ាក YAMAHA XR ពណ៌ក្រហម បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ កំពុងធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ពីទិសខាងត្បូងទៅជើង បានសម្រេច ដាក់លើម៉ូតូ ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ត្រូវបានកម្លាំង​ប៉ុស្តិ៍ខណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដែលកំពុងល្បាតនៅក្បែរនោះឃើញ បានជិះម៉ូតូដេញតាមពីក្រោយធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នាំមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ចំណែកបក្ខពួក២នាក់ទៀតជាអ្នកជិះម៉ូតូបិទគូថបានជិះគេចខ្លួន។

បច្ចុប្បន្ន ​ជនសង្ស័យ​ សមត្ថកិច្ចបាននឹងកំពុងសួរចម្លើយ ដើម្បី​បន្តស្រាវជ្រាវតាមចាប់​បក្ខពួកនៅសេសសល់ យកមកផ្ដន្ទាទោសតាមច្បាប់៕

Loading...