មនុស្ស​ស្លាប់កើន​ដល់​៩នាក់ និងរាប់សែននាក់​ ត្រូវជម្លៀស​ពីលំនៅឋាន​ ដោយសារ​ភ្លើងឆេះព្រៃ​នៅ​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

November 10, 2018 129

កាលីហ្វ័រញ៉ា ៖ យោងតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៨ បានឲ្យដឹងថា អាជ្ញាធរអាមេរិក ​បានឲ្យដឹងថា មនុស្សស្លាប់​បានកើនឡើង​ដល់៩នាក់ និងច្រើនជាង១៥០,០០០នាក់ ត្រូវបានជម្លៀសទៅកាន់​កន្លែងមានសុវត្ថិភាព​ ខណៈភ្លើងឆេះព្រៃ​កំណាចចំនួន៣ កំពុងលុយលុក​រដ្ឋកាលីហ្វ័រញ៉ា​ ឈានមកដល់​ចុងសប្តាហ៍នេះ។

ភ្លើងឆេះ​ព្រៃចំនួន៣ កំពុងវាយលុក​នៅភាគខាងជើង និងខាងត្បូង​រដ្ឋកាលីហ្វរញ៉ា ដោយពួក​វា​​បាន​​បំផ្លិច​បំផ្លាញ​​សំណង់​អគារ​​​រាប់ពាន់​ខ្នង ព្រមទាំងបង្ខំ​ឲ្យប្រជាជនអាមេរិក​រាប់សែននាក់ជម្លៀសខ្លួន គេចចេញពីចង្កូមគ្រោះ​អគ្គិភ័យដ៏សន្ធោសន្ធៅទាំងនេះ។

ភ្លើងឆេះព្រៃ​ឈ្មោះថា Camp Fire បានកើតឡើង​កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ នៅភាគខាងជើង​កាលីហ្វរញ៉ា ហើយបន្តរីក​រាល​ដាល​​ឡើង​យ៉ាង​រហ័ស ដោយវាបានដុតបំផ្លាញផ្ទៃដីប្រហែលជាង ៨,០០០ហិកតា និង​សំណង់អគារជាង ១,០០០ខ្នង។

ចំណែក​ភ្លើងឆេះព្រៃមួយទៀត​ឈ្មោះថា Woolsey Fire បាននិងកំពុងវាយប្រហារ​​ទីក្រុង Los Angeles ភាគខាងត្បូង រដ្ឋកាលីហ្វរញ៉ា។ ​ភ្លើងឆេះព្រៃ Woolsey Fire បានដុតបំផ្លាញផ្ទៃដីដល់ទៅរាប់ពាន់ហិកតា ​ក្នុងពេលប៉ុន្មានម៉ោង​ប៉ុណ្ណោះ ខណៈសារបង្គាប់​ឲ្យជម្លៀស​ខ្លួន​​ ត្រូវបានអនុវត្តន៍នា​ថ្ងៃសុក្រ​នេះ ហើយលំនៅឋាន ៣០,០០០ខ្នង ស្ថិតក្រោមការគំរាមកំហែង​ នៃអណ្តាតភ្លើង​យ៉ាងសន្ធោសន្ធៅ​​​​របស់ភ្លើង​ឆេះព្រៃនេះ។

ដោយឡែក នៅក្បែរ Woolsey Fire គឺមានភ្លើងឆេះព្រៃឈ្មោះថា Hill Fire ដែលបានឆាបឆេះផ្ទៃដីទំហំជាង ៤,០០០ហិកតា យ៉ាងឆាប់រហ័សបំផុត​​ បន្ទាប់ពីវាបានចាប់ផ្តើម​លេចចេញជារូបរាងឡើង នៅរសៀលថ្ងៃព្រហស្បតិ៍ ខណៈមិននៅទាន់មាន​លំនៅឋាន និង​ហាងលក់ដូរ​ណាមួយ​ត្រូវបានភ្លើងឆេះព្រៃនេះ​លេបត្របាក់នៅឡើយទេ។ ក្រុមភ្នាក់ងារពន្លត់​អគ្គិភ័យបានឲ្យ ដឹងថា ភ្លើងឆេះព្រៃ Woolsey អាច​រាលទៅដល់​តំបន់ជាប់មហាសមុទ្រប៉ាស៊ីហ្វិក ​ថែមទៀតផង។

គួរជម្រាបថា គ្រោះភ្លើងឆេះព្រៃ​ទាំងអស់នេះ បានរីករាលដាលក្នុងកម្រិត​យ៉ាងឆាប់រហ័ស ដោយសារតែការអាកាសធាតុស្ងួត​ និង​ខ្យល់បក់ខ្លាំង។ យ៉ាងណាមិញ​ក្រុមភ្នាក់ងារ​ពន្លត់អគ្គិភ័យ​នៃរដ្ឋកាលីហ្វញ៉ា បាននិងកំពុងបន្តខិតខំ​​ប្រើគ្រប់​មធ្យោបាយ ដើម្បី​បង្រ្កាប​ក៏ដូចជា​ពន្លត់​អគ្គិភ័យ​ទាំងនេះ ទោះមានមួយ​ចំនួនបានរងរបួស​ ក្នុងកិច្ចប្រឹងប្រែងនេះ​ក៏ដោយ៕

Loading...