រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល សម្រេចចិត្តលាលែងចេញពីតំណែង ដោយបទឈប់បាញ់ ជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា

November 15, 2018 62

អ៊ីស្រាអែល ៖ សារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានសម្រេចចិត្តលាលែងចេញពីតំណែង បន្ទាប់ពីគណៈរដ្ឋមន្ត្រីរបស់លោកទទួលយកបទឈប់បាញ់ ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។

លោក Avigdor Lieberman បានចាត់ទុកថា បទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន គឺជាការឱនក្បាលចំពោះពួកភេរវករ ហើយលោកក៏បានបញ្ជាក់ថា គណបក្ស Yisrael Beiteinu របស់លោកអាចនឹងដើរចេញពីក្រុមចម្រុះ នៃគណបក្សកាន់អំណាចសព្វថ្ងៃ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណឺតាន់យ៉ាហ៊ូ។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់៨នាក់ បានស្លាប់កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ នៅក្នុងការវាយប្រយុទ្ធគ្នារវាងយោធា អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ ក៏ប៉ុន្តែ បទឈប់បាញ់មួយត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ហើយសាលារៀន និងហាងទំនិញជាច្រើននៃភាគខាងត្បូងអ៊ីស្រាអែល បានបើទ្វារឡើងវិញ ក្រោយគ្មានការបាញ់គ្រាប់រ៉ូក្កែត៕

Loading...