វិៈសិល្បករបុរាណខ្មែរខាងចាបីុដងវែងលោកតាប្រាជ្ញឈួនបានទទួលមរណៈភាពបាត់ទៅហើយ

November 17, 2018 242

ភ្នំពេញ : សូមប្រគេន និងជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា លោកតា ប្រាជ្ញ ឈួន

ដែលជាវីរៈសិល្បករបុរាណខ្មែរ អ្នកប្រាជ្ញចាប៉ីដងវែង បានទទួលមរណៈភាពហើយក្នុងព្រះជន្ម ៨២ឆ្នាំ វេលាម៉ោង ១:៣០យប់ថ្ងៃ១០ កើត ខែកក្តិត ឆ្នាំ ចព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងវត្តបទុមវតី រាជធានីភ្នំពេញ ។ 
ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ នៅម៉ោងប្រមាណជាង ១ រំលងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ បន្ទាប់ពីក្រុមគ្រួសារបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមក។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី។

ប្រវត្តិសង្ខេបៈ
លោកតា ប្រាជ្ញ ឈួនចាប់កើតនៅខែតុលាឆ្នាំ១៩៣៦ ជាកូនពៅក្នុងគ្រួសារកសិករ ដែលមានកូនប្រាំមួយនាក់នៅភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ លោកតា បានចាប់ផ្តើមរៀនចាប៉ីនៅអាយុ ៩ឆ្នាំពីឪពុកមារខាងឪពុកម្នាក់ឈ្មោះប៉ែត ឌុប ហៅចង្កូមប្រាំបី។

លោកតា ជាកូនសិស្សរបស់លោកសង្ឃព្រះនាម អេត សែន នៅវត្តប្រមរ។ ព្រះសង្ឃបានបង្ហាត់បង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗដល់រូបលោកដែលជាហេតុធ្វើឲ្យលោកតាសម្បូរវោហារ និងចេះដឹងផ្នែកអក្សរសាស្ដ្របានច្រើន។

ក្រោយពីរៀនចេះវិជ្ជាដេញចាប៉ីដងវែងហើយ ទស្សនិកជនដំបូងរបស់លោកគឺអ្នករួមស្រុកទាំងឡាយ។ លោកតា ប្រាជ្ញ ឈួន ជាអ្នកចម្រៀងចាប៉ីដែលមានសំឡេងធំមូលក្រអួនប្រកបដោយទឹកដមនិងភាពប៉ិនប្រសព្វ។

នៅឆ្នាំ ១៩៦២ លោកបានចូលរួម «ការប្រឡងប្រជែងដើម្បីជ្រើសរើសអ្នកចេះដឹងផ្នែកចាប៉ីដងវែង» របស់វិទ្យុជាតិ ហើយក៏បានឈ្នះការប្រកួតដោយទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមអ្នកចូលរួមទាំង២០នាក់។

ចាប់តាំងពីពេលនោះមក លោកតា ក៏ចាប់ផ្តើមច្រៀងដាក់វិទ្យុជាតិនៅឯភ្នំពេញ។ ខ្លឹមសារនៃចម្រៀង គឺត្រូវបានកំណត់ដោយចាងហ្វាងវិទ្យុ ដែលក្នុងនោះច្រើនតែទាក់ទងនឹងប្រវត្តិសាស្រ្ត នយោបាយ និងអ្នកល្បីៗជាច្រើននៅក្នុងសហប្រជាជាតិ។

ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមបានដួលរលំទៅ នៅថ្ងៃទី៧មករាឆ្នាំ១៩៧៩ លោកតា ប្រាជ្ញ ឈួន បានចាប់ផ្តើមអាជីពជាអ្នកច្រៀងចាប៉ីឡើងវិញ។ លោកតា បានត្រឡប់មកភ្នំពេញ និងបានច្រៀងនៅកម្មវិធីវិទ្យុជាតិកម្ពុជា។ក្រៅពីនោះ លោកក៏បានទទួលការអញ្ជើញឲ្យទៅច្រៀងក្នុងកម្មវិធីផ្សេងៗទៀតដែរ។

បច្ចុប្បន្នលោកតា ប្រាជ្ញ ឈួន មានកូនចំនួន ៥នាក់ ក្នុងនោះមាន ៣នាក់ដែលរស់នៅជាមួយគាត់។ មួយជីវិតរបស់លោកកាន់ដងចាប៉ីជាប្រចាំ។ ដោយសារភាពល្បីល្បាញរបស់លោកតា លោកតាត្រូវបានគេអញ្ជើញទៅច្រៀងនៅតាមខេត្តនិងរាជធានីមួយចំនួន។

លើសពីនេះទៅទៀត លោកតាក៏ធ្លាប់ទៅបញ្ចេញសំនៀងនៅឯបរទេសផងដែរ ដូចជានៅសហរដ្ឋអាមេរិក២ដង ប្រទេសបារាំងបាន៣ដង និងទៅប្រទេសសឹង្ហបុរីបានម្តង។

ចម្រៀងរបស់លោកតា មានជាកំប្លែងខ្លះ(ល្បោយចាប៉ី) ហើយភាគច្រើនគឺផ្តល់ជាការអប់រំ។ លោកតា ចូលចិត្តច្រៀងរៀបរាប់ពីច្បាប់ប្រុស ច្បាប់ស្រី ហើយលោកតាចេះច្រៀងច្បាប់ក្រមង៉ុយដល់ទៅ៤ច្បាប់។ មិនតែប៉ុណ្ណោះ លោកតា នៅចេះតែងបទចម្រៀងភ្លាមៗស្របពេលនឹងកំពុងច្រៀងទៀតផង ហើយឃ្លាឃ្លោងក៏ជួនគ្នាបានល្អទៀត។

Loading...