រញ្ជួយដី នៅតំបន់ព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់ បណ្តាល​ឲ្យមនុស្សស្លាប់ ​ព្រមទាំងរបួសសរុបរាប់​រយនាក់

November 26, 2018 64

តេរ៉ង់ ៖ សារព័ត៌មាន​​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយថា នៅតំបន់ព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់ បានទទួលរង​ការវាយប្រហារពី​គ្រោះរញ្ជួយដី​កម្រិតធ្ងន់ ៦.៣រ៉ិចទ័រ ដែលបង្កឲ្យមនុស្ស​​យ៉ាងតិចម្នាក់ស្លាប់ និងរាប់រយនាក់​ទៀតរងរបួស។

ចំណុចរំញ័រនៃគ្រោះរញ្ជួយដី​ខាងលើ​ស្ថិតនៅចម្ងាយ ១៦៣គីឡូម៉ែត្រ​ ភាគឦសាន​រដ្ឋធានី​​បាកដាដ​ប្រទេសអ៊ីរ៉ាក់ និង​​ប្រមាណ ២០គីឡូម៉ែត្រ ភាគនិរតី​​ទីក្រុង សាផូល ហ្សាហាប (Sarpol Zahab) នៃប្រទេសអ៊ីរ៉ង់​ដោយមានជម្រៅ ១០គីឡូម៉ែត្រ​ក្រោមផ្ទៃដី​។ សម្រាប់តួលេខ​នៃអ្នករងរបួសវិញ គឺមានសេចក្តីរាយការណ៍​ខុសៗគ្នា​ដោយខ្លះថា​ត្រឹម ​៤៥នាក់ ខ្លះទៀតថារហូតដល់ ២១០នាក់ និង​​មួយចំនួនទៀត​ថា​មានរហូតដល់ ៣៦១នាក់ឯណោះ។

គួរជម្រាបថា ក្រោយរញ្ជួយដី​ខាងលើកើតឡើង​ភ្លាមៗ ហេតុការណ៍រំញ័រ​មានកម្រិតចាប់ពី ៣.៤ រហូតដល់ ៥.២រ៉ិចទ័រ​​ យ៉ាងតិចចំនួន ១០ដងទៀត​ក៏​បានកើតមានជាបន្តបន្ទាប់​ផងដែរ។ កាលពីខែវិច្ឆិកា​ឆ្នាំទៅ ប្រជាជនអ៊ីរ៉ង់ ​២១១នាក់ បាន​បាត់​បង់ជីវិត ក្នុងការវាយប្រហារពី​គ្រោះរញ្ជួយដី​កម្រិត​​ធ្ងន់ ៧.៣រ៉ិចទ័រ នៅតំបន់ព្រំដែន​អ៊ីរ៉ង់-អ៊ីរ៉ាក់ស្រដៀងគ្នានេះឯង៕

Loading...