​រុស្ស៊ី ប្រកាសពីភាពជោគជ័យ​ ក្នុងការធ្វើបាញ់សាកល្បង​មីស៊ីលប្រដេញ​ចម្ងាយឆ្ងាយ ប្រភេទ 3M-54 Kalibr

December 05, 2018 26

ម៉ូស្គូ ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី៤ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយថា យោធានៃប្រទេសរុស្ស៊ី នាថ្ងៃអង្គារនេះ បានប្រកាសពីភាពជោគជ័យ​ ក្នុងការធ្វើបាញ់សាកល្បង​មីស៊ីលប្រដេញ​ចម្ងាយឆ្ងាយប្រភេទ 3M-54 Kalibr (អង្គការ NATO ហៅថា SS-N-27 Sizzler) ដែលបាញ់ចេញពី​នាវាមុជទឹកដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ នៅឯសមុទ្រ Barent ភាគខាងត្បូងមហាសមុទ្រទឹកកកអាក់ទិច។

បើតាមយោធារុស្ស៊ី ការធ្វើតេស្តមីស៊ីលនេះ ដែលត្រូវបានធ្វើឡើងក្នុង​​ផ្នែកនៃការធ្វើសមយុទ្ធយោធា​របស់រុស្ស៊ី បាន​បាញ់ចំ​គោល​ដៅដូចការរំពឹងទុក ស្ថិតនៅចម្ងាយប្រហែលពី​៧០០គីឡូម៉ែត្រពីគ្នា។ Kalibr គឺជា​ប្រភេទ​មីស៊ីល​ប្រដេញ​ចម្ងាយឆ្ងាយ​​ប្រឆាំងនាវា ដែលបំពាក់នៅលើនាវាចម្បាំងនិងក្នុងនាវាមុជទឹក។

គួរជម្រាបថា ប្រភេទមីស៊ីលនេះ មានសមត្ថភាព​វាយលុកដល់​គោលដៅ ស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រ ដោយ​អាស្រ័យលើ​ការ​កែច្នៃបន្ថែមផ្សេងៗពីគ្នា និងអាចបំពាក់​ក្បាលគ្រាប់បានដល់ទម្ងន់៤៥០គីឡូក្រាម។ ស៊េរីមួយចំនួន​នៃមីស៊ីល Kalibr ក៏អាចឈានដល់ល្បឿនលឿនជាងសំឡេងថែមទៀតផង ដើម្បីអាចទម្លុះឆ្លងកាត់ការទប់ទល់​ពី​ប្រព័ន្ធការពារមីស៊ីល​ នៃនាវារបស់សត្រូវ៕

Loading...