ព្រឹទ្ធសមាជិក​អាមេរិកជឿថា រាជទាយាទ​​អារ៉ាប៊ី សាអូឌីត ​ជាអ្នក​បញ្ជាឲ្យគេសម្លាប់​អ្នកកាសែត Khashoggi

December 05, 2018 33

វ៉ាស៊ីនតោន ៖ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៥ ខែធ្នូ ឆ្នាំ២០១៨ ចុះផ្សាយឲ្យដឹងថា សមាជិកព្រឹទ្ធសភា​អាមេរិក​ជាច្រើននាក់ ​បាននិយាយថា ពួកគេ​កាន់តែ​ប្រាកដប្រជាជាងមុនថា​ ព្រះអង្គមា្ចស់​រាជទាយាទ​អារ៉ាប៊ី សាអូឌីត មហាំម៉ាត់ ប៊ិន​សាល់ម៉ាន់ គឺជាអ្នកបញ្ជា​ឲ្យគេសម្លាប់​អ្នកកាសែត Washington Post លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ី សាអូឌីត ប្រចំាទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេសតួកគី​ កាលពីខែតុលា​​កន្លងទៅ។

សមាជិកព្រឹទ្ធសភាអាមេរិក ក្នុងនោះរួមមាន​ទាំងលោក លីនសេយ ហ្គ្រាហាំ (Lindsey Graham) ធ្វើការកត់សម្គាល់​ខាងលើ ដោយសំអាងលើ​ការសន្និដ្ឋាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សំងាត់​អាមេរិក CIA មិនតែ​ប៉ុណ្ណោះ​ លោកថែមទាំងបានហៅ​ព្រះម្ចាស់ ប៊ិន​សាល់ម៉ាន់ ថា «មនុស្សឆ្កួត និងគ្រោះថ្នាក់» ទៀតផង។

តែទោះជា​យ៉ាងណា​ក៏ដោយ រដ្ឋមន្ត្រីការពារ​ជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) រដ្ឋមន្ត្រីការបរទេស​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និង​ទីប្រឹក្សាសន្តិសុខជាតិ​​លោក ចន បូលតុន (John Bolton) រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ នៅតែអះអាងថា ព្រះម្ចាស់រាជទាយាទ​មិនមាន​ជាប់ពាក់ព័ន្ធ​នឹងអំពើឃាតកម្ម​នេះឡើយ។

គួបញ្ជាក់ថា អាជ្ញាធរអារ៉ាប៊ី សាអូឌីត​ បានចោទប្រកាន់​មនុស្សចំនួន១១នាក់ ដែលជាប់ទាក់ទិន​នឹង​ករណី​ឃាតកម្មលើ​លោក Jamal Khashoggi ហើយក៏បានស្នើ​ឲ្យមានការកាត់ទោស​ប្រហារជីវិត ក្នុងចំណោមអ្នក​ទាំងនោះផងដែរ តែអារ៉ាប៊ី សាអូឌីត នៅ​តែបដិសេធ​ដដែលថា​ ព្រះអង្គម្ចាស់រាជទាយាទ ប៊ិនសាល់ម៉ាន់ មិនមានជាប់​ពាក់ព័ន្ធនឹងការ​សម្លាប់លោក Khashoggi ឡើយ៕

Loading...