យន្តហោះចម្បាំង និង​ យន្តហោះដឹកសាំងអាមេរិក ធ្លាក់ចូលក្នុងសមុទ្រប្រទេសជប៉ុន

December 06, 2018 67

តូក្យូ ៖ ទីភ្នាក់​ងារ​​ព័ត៌មានចិន ស៊ីនហួរ បានចុះផ្សាយនៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ថា យន្តហោះចម្បាំង និង​យន្តហោះដឹកសាំង​ នៃកងម៉ារីន​អាមេរិក នាថ្ងៃព្រហស្បតិ៍នេះ បានធ្លាក់ចូលក្នុង​ផ្ទៃសមុទ្រ​​ភាគ​ខាង​លិច​​​ ប្រទេសជប៉ុន ខណៈមនុស្សម្នាក់ ​ក្នុងចំណោម៧នាក់ ត្រូវបានជួយ​សង្រ្គោះ និង៦នាក់​បន្តបាត់ខ្លួន។

សហរដ្ឋអាមេរិក​ បានជូនដំណឹងដល់​ក្រសួងការពារជាតិ​ជប៉ុនថា យន្តហោះ​ចម្បាំង F/A-18 និងយន្តហោះ​ដឹកសាំងធុន KC-130 មកពីមូលដ្ឋានទ័ព​អាកាស អ៊ីវ៉ាគូនិ (Iwakuni) របស់កងម៉ារីន​អាមេរិក នៅភាគខាងលិច​ប្រទេសជប៉ុន បានធ្លាក់នៅក្បែរ​​ឆ្នេរ​នៃខេត្ត កូជិ (Kochi) ​នាព្រឹកព្រលឹម​ថ្ងៃព្រហស្បតិ៍នេះតែម្តង។

គួរជម្រាបថា នៅលើ​យន្តហោះ F/A-18 មានអាកាសយានិក​ចំនួន២នាក់ ខណៈមនុស្ស៥នាក់ មានវត្តមាននៅលើ​យន្តហោះដឹកសាំង KC-130 នៅពេលគ្រោះថ្នាក់ខាងលើបានកើតឡើង ដោយម្នាក់ ក្នុងចំណោមអ្នកទាំង​នោះ ​ត្រូវ​បាន​ជួយ​សង្រ្គោះដោយ​​កងកម្លាំងស្វ័យ​ការពារជប៉ុន។ យន្តហោះ​យោធាអាមេរិកទាំងពីរ​ បានធ្លាក់ដោយ​តែ​ការប៉ះ​គ្នា​​ក្នុង​អំឡុង​ការ​ហោះ​​ហ្វឹក​ហ្វឺន​ជាប្រចាំ៕

Loading...