សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតស្រូវល្អបំផុតប្រចាំប្រទេស លើកទី៣ នៅខែមករាខាងមុខនេះ

December 06, 2018 204

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរៀបចំការប្រកួតស្រូវល្អបំផុតប្រចាំប្រទេសកម្ពុជា លើកទី៣ ដើម្បីជាការរួមចំណែកក្នុងការលើកទឹកចិត្ត និងផ្ដល់កិត្តិយសដល់អ្នកផលិត ជាពិសេស សហគមន៍កសិករ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីប្រភេទស្រូវ ដែលមានសក្ដានុពលចំនួនបីប្រភេទ សម្រាប់ការនាំចេញទៅក្រៅប្រទេស។

បើតាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន CSNDAILY ទទួលបាននៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងថា សម្រាប់ការប្រកួតស្រូវល្អបំផុតប្រចាំកម្ពុជា លើកទី៣នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីស្វែងរកជយលាភីចំនួន៣ លើប្រភេទស្រូវដូចជា៖ ទី១. ជយលាភីលើប្រភេទស្រូវផ្ការំដួល, ទី២. ជយលាភីលើប្រភេទស្រូវសែនក្រអូប, និងទី៣. ជយលាភីលើប្រភេទស្រូវអ៊ីអ៊ែរ។

សូមបញ្ជាប់ផងដែរថា សម្រាប់សមាជិកសមាជិកា បណ្ដាសហគមន៍កសិកម្ម និងស្ថាប័ននានា ដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួត អាចទំនាក់ទំនងដើម្បីដាក់ពាក្យ បានដែលនឹងផ្ដើមចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨៕

Loading...