នោះ! រកឃើញមឹក​ចំនួន​២គីឡូក្រាម​ ស្លឹក​គូឆាយ​ ១គីឡូក្រាម​ ស្លឹក​ខ្ទឹម​ ២គីឡូក្រាម មានសារធាតុគីមី នៅផ្សារព្រំថ្មី

December 07, 2018 17

ប៉ៃលិន ៖ សាខាកាំកុងត្រូលប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន​ គណៈកម្មការផ្សារ និងនាយកដ្ឋានមន្ទីរពិសោធន៍ នៅថ្ងៃទី​៧​ ខែ​ធ្នូ​ ឆ្នាំ២០១៨ បាននាំយករថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យគុណភាពម្ហូបអាហារ​ នៅផ្សារ​ព្រំថ្មី​ ស្ថិតនៅភូមិ​ផ្សារព្រំ​ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្តប៉ៃលិន ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យ ទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគចំនួន៥៦គំរូ រួមមាន៖ បន្លែ ផ្លែឈើ ត្រីប្រាសំយ៉ុង ប្រហិតសាច់គោ​ សរសៃគុយទាវ មី ជ្រក់គ្រប់ប្រភេទ គ្រឿងសមុទ្រ លតខៀវ លតស្វិត និងម្ហូបអាហារផ្សេងៗ​ ទៀត​ ដើម្បីធ្វើតេស្តបឋម ស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។

មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បានឲ្យដឹងថា ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញម្ហូបអាហារដែលមានសារធាតុគីមី​ ដូចជា​៖ មឹក​ចំនួន​២គីឡូក្រាម​ ស្លឹក​គូឆាយ​ ១គីឡូក្រាម​ ស្លឹក​ខ្ទឹម​ ២គីឡូក្រាម​ ហើយត្រូវបានដកហូតពីអាជីវករ​ យកមករក្សាទុកកម្ទេចចោល​។ ជាមួយគ្នានេះ លោកប្រធានសាខា ក៏បានណែនាំដល់អាជីវករបញ្ឈប់ការយកមកលក់ដូរទៀត។

មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាព ចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទានជាប់ជាប្រចាំឲ្យដូចភ្លាមរលឹម។

ជាមួយគ្នានោះ ប្រធានសាខាកាំកុងត្រូលខេត្ត បានអប់រំ ក៏ដូចជាពន្យល់ណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាតទំនិញ ដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕

Loading...