តុលាការខេត្តក្រចេះ បញ្ជាឲ្យចាប់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធស៊ីដាច់លុយគេ ជាង១០ម៉ឺនដុល្លារ

December 07, 2018 47

ក្រចេះ ៖ ស្រ្តីអាជីវករម្នាក់ នៅខេត្តក្រចេះ ដែលសម្បូរដោយរឿងចម្រូងចម្រាស់ឥតឈប់ឈរ ក្នុងសំណុំរឿងទាក់ទងនឹងប្រាក់មានទំហំខ្ទង់ម៉ឺនដុល្លារ ត្រូវបានអយ្យការអមសាលាដំបូងខេត្ត បញ្ជាឲ្យឃាត់ខ្លួននៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ពាក់ព័ន្ធទៅនឹងរឿងរំលោភលើទំនុកចិត្ត។

មន្រ្តីអាវុធហត្ថខេត្តក្រចេះ បានប្រាប់នៅរសៀលថ្ងៃនេះថា ស្រ្តីជាអាជីវកររូបនេះឈ្មោះ ភី មុំ អាយុ៤៣ឆ្នាំ មានទីលំនៅក្រុងក្រចេះ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោក ជា សុភក្រ្ត បានចេញដីកាកោះហៅឲ្យចូលខ្លួននៅថ្ងៃទី៧ ខែធ្នូ ក្នុងសំណុំរឿងរំលោភលើសេចក្តីទុកចិត្ត លើទំហំប្រាក់ចំនួនជាង១០ម៉ឺនដុល្លារ ពីដើមបណ្តឹងដែល ជាភាគហ៊ុនជំនួញជួញដូរភេសជ្ជៈ។ ព្រះរាជអាជ្ញារង ជា សុភក្រ្ត បានថ្លែងឲ្យដឹងទៀតថា សំណុំរឿងនេះ លោកបានបញ្ចប់ការសាកសួរ និងបានបញ្ជូនទៅដល់ដៃចៅក្រមហើយ នៅថ្ងៃទី៧ ខែធ្នូនេះ ដើម្បីបន្តនីតិវិធី។

បើតាមមន្រ្តីអាវុធហត្ថ នេះគ្រាន់តែជាការអនុវត្តបណ្តឹងថ្មីមួយ ពីដើមបណ្តឹងទាក់ទងនឹងលុយជាង១សែនដុល្លារ ពីភាគីម្ចាស់ភាគហ៊ុនដែលស្ត្រីឈ្មោះ ភី មុំ បានកិបកេងប្រាក់បំបាត់យក ខណៈដែលស្រ្តីជាអាជីវកររូបនេះ នៅមានបណ្តឹងជាច្រើនដទៃទៀត ពីដើមបណ្តឹងផ្សេងគ្នា នៅក្នុងខេត្ត ក៏ដូចជា នៅក្រៅខេត្តលើសំណុំរឿងទាក់ទងនឹងប្រាក់នេះតែម្តង។

គួរំលឹកផងដែរថា កាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០១៤ ស្រ្តីរូបនេះ ធ្លាប់ត្រូវបានតុលាការខេត្តក្រចេះ ចុះអនុវត្តដីការរឹបអូសលំនៅឋាន និងរឹបអូសរថយន្ត ផ្អើលទីប្រជុំជនក្រុង ក្រចេះម្តងជាពីរដងរួចមកហើយ ក្នុងសំណុំរឿងករណីជំពាក់ប្រាក់ម្ចាស់បណ្តឹងផ្សេងទៀត៕

Loading...