អាមេរិក៖ ការចោទប្រកាន់ថា ក្រុមឧទ្ទាមស៊ីរី ប្រើប្រាស់អាវុធគីមីពីសំណាក់រុស្ស៊ី និង រដ្ឋាភិបាលស៊ីរី គឺជារឿងប្រឌិត

December 08, 2018 90

វ៉ាស៊ីនតោន ៖ សារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨ បានចុះផ្សាយថា សហរដ្ឋអាមេរិក បានអះអាងថា ការចោទប្រកាន់ថា ក្រុមឧទ្ទាមស៊ីរី ប្រើប្រាស់អាវុធគីមីពីសំណាក់រុស្ស៊ី និង រដ្ឋាភិបាលស៊ីរី គឺគា្រន់តែជារឿងប្រឌិត ហើយវាមានតែបំផ្លាញដល់បទឈប់បាញ់នៅក្នុងខេត្ត Idlib តែប៉ុណ្ណោះ។

រដ្ឋាភិបាលស៊ីរី និងរុស្ស៊ី បានចោទប្រកាន់ថា ក្រុមឧទ្ទាមស៊ីរី គាំទ្រដោយសហរដ្ឋអាមេរិក បានប្រើប្រាស់អាវុធគីមីនៅក្នុងការវាយប្រហារលើកងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់ ដោយបណ្ដាលឲ្យមនុស្សជាង១០០នាក់ រងរបួសនៅក្នុងទីក្រុង Aleppo កាលពីខែវិច្ឆិកាកន្លងទៅ។ ចំណែកឯ ប្រព័ន្ធផ្សព្វផ្សាយស៊ីរី ថែមទាំងបានចេញផ្សាយរូបភាពជាច្រើនពីមនុស្សរងរបួស ដោយសារឧស្ម័នក្លរកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយផ្អែកលើភស្ដុតាងទាំងនេះទីក្រុងម៉ូស្គូ បានដឹកនាំ ការវាយប្រហារតាមផ្លូវអាកាសយ៉ាងសន្ធាប់លើមូលដ្ឋានរបស់ក្រុមឧទ្ទាមស៊ីរី។

ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិក បានអះអាងថាការចោទ ប្រកាន់របស់រុស្ស៊ី និងស៊ីរី គ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ ហើយថាអ្នកនៅពីក្រោយការវាយប្រហារដោយអាវុធគីមី នឹងត្រូវ ទទួលខុសត្រូវចំពោះទង្វើដ៏សាហាវព្រៃផ្សៃបែបនេះ។

គួរជម្រាបថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ក៏ធ្លាប់បានចោទប្រកាន់រដ្ឋាភិបាលស៊ីរីផងដែរថា បានប្រើប្រាស់អាវុធគីមីនៅក្នុងការវាយប្រហារប្រឆាំងនឹងក្រុមឧទ្ទាមស៊ីរី ព្រមទាំងបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើ មូលដ្ឋានទ័ពស៊ីរី កាលពីឆ្នាំ២០១៧៕

Loading...