ទីក្រុងប៉ារីស ត្រូវបិទទ្វារ ដើម្បីដាក់ពង្រាយ​កងកម្លាំងសន្តិសុខ​រាប់ពាន់នាក់ ​ទប់ស្កាត់​បាតុកម្មតវ៉ា របស់​ក្រុមបាតុករ​អាវកាក់ពណ៌​លឿង​

December 08, 2018 89

ប៉ារីស ៖ ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយថា តំបន់ជាច្រើននៅ​ក្នុងទីក្រុងប៉ារីស ត្រូវបានបិទ​ច្រកចេញចូលនៅព្រឹក​ថ្ងៃសៅរ៍នេះ ជាមួយការ​ដាក់ពង្រាយ​កងកម្លាំងសន្តិសុខ​រាប់ពាន់នាក់ ដើម្បី​ទប់ស្កាត់​បាតុកម្មតវ៉ារបស់​ក្រុមបាតុករ​អាវកាក់ពណ៌​លឿង​ដែលត្រូវបានគេរំពឹងថា អាចនឹងផ្ទុះ​ឡើងជាថ្មីនៅចុង​សប្ដាហ៍ជាលើក​ទី៤។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធ​ផ្សព្វផ្សាយនៅក្នុង​ស្រុក Eiffel Tower និងតំបន់ទេសចរណ៍​សំខាន់ៗ​នៅក្នុងទីក្រុង​ប៉ារីស ត្រូវបានបិទជា​បណ្ដោះអាសន្ន ហើយហាងលក់​ទំនិញនៅជាប់ដងផ្លូវ​មួយចំនួន​ត្រូវបិទទ្វារ ដើម្បីបបញ្ចៀស​ការលួច ឬប្លន់ក្នុង​ករណីមានភាព​ចលាចលណា​មួយកើតឡើង។ បន្ថែមពី​លើនេះ ដើម្បីរក្សា​សន្តិសុខ និងសណ្ដាប់​ធ្នាប់ ប៉ូលិស ៨៩,០០០នាក់ ត្រូវបានដាក់​ពង្រាយ ខណៈ៨,០០០នាក់ផ្សេងទៀត ត្រូវបានដាក់​ពង្រាយក្នុង​ទីក្រុង​ប៉ារីស។

គួរជម្រាបថា នៅក្នុង​សប្ដាហ៍នេះ ជាការបន្ធូរបន្ថយ​ភាពតានតឹង រដ្ឋាបាលលោក​ប្រធានាធិបតីបារាំង ម៉ាក្រុង បាន​យល់ព្រម​លុបចោលគម្រោង​តំឡើងពន្ធលើ​ឥន្ធនៈ រួមមាន​ទាំងសាំង និងម៉ាស៊ូត ចេញពីកញ្ចប់​ថវិកាជាតិឆ្នាំ២០១៩។

ប៉ុន្តែ ​បើទោះជាក្រុមបាតុករ​អាវកាក់​ពណ៌លឿង ស្វាគមន៍ការ​សម្រេចចិត្តនេះ​ក៏ដោយ ក៏ពួកគេមិនបាន​លុបចោលគម្រោង​ធ្វើបាតុកម្ម នៅ​ថ្ងៃសៅរ៍នេះ​ឡើយ ហើយមិនតែ​ប៉ុណ្ណោះថែមទាំងទាមទារ​បន្ថែមឱ្យរដ្ឋាភិបាល​ ធ្វើយ៉ាងណាឲ្យពួក​គេទទួលបានប្រាក់​ខែខ្ពស់ បង់ពន្ធតិច និងខ្លះស្នើលោក ម៉ាក្រុង ចុះចេញពី​តំណែង​ទៀតផង៕

Loading...