អង្ករកម្ពុជា ជិត៥០ម៉ឺនតោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ធ្លាក់ចុះ១៣ភាគរយ នៅរយៈពេល១១ខែ ឆ្នាំ២០១៨

December 11, 2018 108

ភ្នំពេញ ៖ យោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញអង្ករ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញផ្សាយឲ្យដឹងថា អង្ករកម្ពុជាជិត៥០ម៉ឺនតោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ ធ្លាក់ចុះ១៣ភាគរយ នៅរយៈពេល១១ខែ ឆ្នាំ២០១៨។

របាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបាន៤៩៧,២៤០តោន ធ្លាក់ចុះ១៣.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ ដែលមានចំនួន ៥៦២,២៣៧តោន។

ក្នុងចំណោមប្រទេសជាង៦០ ដែលទិញអង្ករពីកម្ពុជា គឺប្រទេសចិន ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេចំនួនជាង១៣ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង ចំនួនជាង៧ម៉ឺនតោន និងម៉ាឡេស៊ីចំនួនជិត៤ម៉ឺនតោន។

ទោះបីទិន្នន័យបង្ហាញពីការធ្លាក់ចុះបរិមាណនៃការនាំចេញក្តី ប៉ុន្តែអ្នកជំនាញក្នុងវិស័យស្រូវអង្ករអះអាងថា ការនាំចេញអង្ករកម្ពុជាធ្លាក់ចុះតែបរិមាណប៉ុណ្ណោះ ប៉ុន្តែតម្លៃទំហំទឹកប្រាក់នៃការនាំចេញអង្ករ បានកើនឡើងទៅវិញ។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice ធ្លាប់បានប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះថា «យើងមើលឃើញបរិមាណនៃការនាំចេញធ្លាក់ចុះមែន ប៉ុន្តែបើនិយាយពីចំនួនទឹកប្រាក់បានពីការនាំចេញវិញ កើនឡើងវិញ ព្រោះតែការនាំចេញរបស់កម្ពុជា ភាគច្រើនជាអង្ករក្រអូប ដែលមានតម្លៃថ្លៃ ហើយការនាំចេញអង្ករសបានធ្លាក់ចុះ»។

យ៉ាងណាការធ្វើពាណិជ្ជកម្មអង្កររបស់កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលព្រួយបារម្ភ ដោយសារតែសហគមន៍អឺរ៉ុប កំពុងតែពិចារណាចុងក្រោយថា ត្រូវដកការលើកលែងពន្ធពីកម្ពុជាឬយ៉ាងណា? បន្ទាប់ពីការបោះឆ្នោតរបស់ បណ្តាប្រទេសសមាជិកអឺរ៉ុបទាំង២៨ប្រទេស ត្រូវបរាជ័យនោះ។

អង្ករកម្ពុជាជិត៥០ភាគរយ នៃចំនួននាំចេញទាំងអស់ត្រូវបាននាំចូលអឺរ៉ុប ដោយទទួលបានការអនុគ្រោះពន្ធ ដែលភាគច្រើន គឺអង្ករក្រអូប។ នៅរយៈពេល១១ខែ ឆ្នាំនេះ អឺរ៉ុបទិញអង្ករកម្ពុជាជាង២៣ម៉ឺនតោន៕

Loading...