មានការ​ព្រមានបង្កៃ​គ្រាប់បែក​ក្នុង​ទីស្នាក់ការ Facebook បុគ្គលិក​ទាំង​អស់ ​ត្រូវជម្លៀសចេញជាបន្ទាន់

December 12, 2018 48

សាន់ហ្វាន់ស៊ីស្កូ ៖ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ បានចុះផ្សាយថា បុគ្គលិកទាំងអស់ នៅក្នុងអគារទីស្នាក់ការ​នៃក្រុមហ៊ុន Facebook ក្នុងទីក្រុង Menlo Park នៅភាគខាងជើង​​រដ្ឋកាលីហ្វរញ៉ា​ ត្រូវបានជម្លៀស​ចេញជាបន្ទាន់​ នាយប់ថ្ងៃអង្គារ​សប្តាហ៍នេះ បន្ទាប់ពីមាន​ការហៅទូរស័ព្ទ​ព្រមានពីការបង្កៃ​​គ្រាប់​បែកនៅក្នុងនោះ។

កម្លាំងប៉ូលិស​ក្រុង មែនឡូ ផាក (Menlo Park) បានបញ្ជាក់ថា ក្រុមជំនាញ​ដោះគ្រាប់បែក​​របស់ខ្លួន​កំពុងស្ថិតនៅកន្លែង​កើតហេតុ ដើម្បីរុករកវត្ថុ​សង្ស័យនៅក្នុង និងជុំវិញអគារ​ទីស្នាក់ការ Facebook។ ការហៅទូរស័ព្ទ​ព្រមានពីការបង្កៃ​គ្រាប់បែក​នេះ​ ត្រូវគេ​រាយការណ៍ថា ដំបូងឡើយ​បានធ្វើឡើងទៅកាន់​កម្លាំងប៉ូលិសនៅទីក្រុងញូយ៉ក​ឯណោះទេ ដោយក្រោយ​​មក​ទើប​មានការបញ្ជូន​ដំណឹងបន្តទៅកាន់​អាជ្ញាធរនៅ Menlo Park។​​

គួរជម្រាបថា ក្តីកង្វល់អំពីអគារ​ស្នាក់ការ​របស់ក្រុមហ៊ុន​បច្ចេកវិទ្យានៅតំបន់ សាន់ហ្វ្រាន់ស៊ីស្កូ បេយ (San Francisco Bay Area) ភាគខាងជើង​​​រដ្ឋកាលីហ្វរញ៉ា បានកើនឡើង​ខ្លាំងនៅប៉ុន្មានឆ្នាំចុង​ក្រោយនេះ ជាពិសេសបន្ទាប់​ពីមានករណីបាញ់ប្រហារ​ នៅ​​​ក្នុង​បរិវេណ​ក្រុមហ៊ុន YouTube នៅក្រុង សានប្រ៊ូណូ (San Bruno) កាលពីខែមេសា​កន្លងទៅ។ ដោយឡែកករណីនៅទីស្នាក់ Facebook នេះវិញ គឺស្ថានការណ៍​ជារួម​កំពុងស្ថិតក្រោម​​ការ​ស៊ើបអង្កេត​​របស់អាជ្ញាធរនៅឡើយ៕

Loading...