ក្ដៅៗ! ចិន ចាប់ខ្លួន​អតីតមន្ត្រីទូតកាណាដា​ម្នាក់ឃុំខ្លួន បន្ទាប់ពីទើបព្រមានកាណាដា ​ឲ្យដោះលែង​នាយកហិរញ្ញវត្ថុ Huawei បើមិនចង់​រងផលវិបាក​ធ្ងន់ធ្ងរ

December 12, 2018 104

ប៉េកាំង ៖ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨ បានចុះផ្សាយថា អតីតមន្ត្រី​ទូតកាណាដាម្នាក់ ត្រូវបានអាជ្ញាធរ​ចិនចាប់ឃុំខ្លួន ដោយមិនទាន់​បញ្ជាក់ពីមូល​ហេតុនោះឡើយ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងប៉េកាំង​បានព្រមានកាណាដា​ ពីផលបាកធ្ងន់ធ្ងរដែល​សម្ព័ន្ធមិត្តអាមេរិក​មួយនេះនឹងត្រូវជួបប្រទះ បើសិនជាមិនព្រមដោះលែង​នាយកហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei ទេនោះ។

លោក ម៉ៃឃើល ខ័រវីក (Michael Korvig) ជាអតីតមន្ត្រី​ទូតកាណាដាម្នាក់​ក្នុងទីក្រុងប៉េកាំង ត្រូវបានអាជ្ញាធរ​ចិនឃុំខ្លួនក្នុងថ្ងៃតែមួយ​ ដែលតុលាការកាណាដា​អនុញ្ញាតឲ្យនាយក​ហិរញ្ញ​វត្ថុ​ក្រុមហ៊ុន Huawei លោក​ស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ស្ថិតក្រៅឃុំបណ្ដោះ​អាសន្ន​ជាមួយប្រាក់​តម្កល់ប្រាក់ ៧.៤លានដុល្លារអាមេរិក។ ចំណែកឯ អាជ្ញាធរ​កាណាដា​បានអះអាងថា ខ្លួនបានដឹងដែរពីការចាប់ខ្លួន​លោក Korvig និងស្នើឲ្យចិន​បញ្ឈប់ការចាប់ ឬឃុំខ្លួនដោយរំលោភ​លើសិទ្ធិមនុស្ស​របៀបនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នទំនាក់​ទំនងការទូតរវាងចិន និងកាណាដា​កំពុងជួបភាពតានតឹង ក្រោយអាជ្ញាធរ​កាណាដាចាប់ឃុំ​លោកស្រី Meng Wanzhou តាមសំណើ​របស់​សហរដ្ឋអាមេរិក ដែលចោទ​លោកស្រីថា បានប្រើប្រាស់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធមួយរបស់ Huawei ឈ្មោះ Skycom រកស៊ីជាមួយអ៊ីរ៉ង់​ដោយរំលោភលើទណ្ឌកម្ម​អាមេរិកនៅ ចន្លោះឆ្នាំ២០០៩ និង២០១៤ ប៉ុន្តែចិនបានចេញមុខ​ទាត់ចោល​ទាំងស្រុង ចំពោះការ​ចោទប្រកាន់​នេះ។

លោកស្រី Meng Wanzhou មានអាយុ៤៦ឆ្នាំ និងជាកូនស្រីម្នាក់​របស់ស្ថាបនិក​ក្រុមហ៊ុន Huawei ត្រូវបានអាជ្ញាធរ​កាណាដាចាប់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូកន្លងទៅ ហើយនៅ​ពេលនេះ លោកស្រីត្រូវបានចៅក្រម​នៃតុលាការក្នុងទីក្រុង វែនខូវើ (Vancouver) អនុញ្ញាតឲ្យលោកស្រី Meng ស្ថិតនៅក្រៅឃុំជា​មួយប្រាក់តម្កល់ ៧.៤លានដុល្លារ។ ប៉ុន្តែលោក​ស្រីមិនអាច​ចាកចេញពីប្រទេសកាណាដាឡើយ ដោយត្រូវដាក់​ឲ្យស្ថិត​នៅ​ក្រោមការ​ឃ្លាំមើល ២៤ម៉ោង​ក្នុងមួយថ្ងៃព្រម​ទាំងត្រូវពាក់ ឧបករណ៍​តាមដាន​ផងដែរ៕

Loading...