សាធារណរដ្ឋស្លូវ៉ាក ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ F-16 ថ្មីៗចំនួន១៤គ្រឿង ពីក្រុមហ៊ុនឡុកឃីដម៉ាទីន របស់​អាមេរិក

December 13, 2018 181

ប្រាទីស្លាវ៉ា ៖ សាធារណរដ្ឋស្លូវ៉ាក បានប្រកាសថា ខ្លួនបានបញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ F-16 ថ្មីៗចំនួន១៤គ្រឿង ពីក្រុមហ៊ុនឡុកឃីដម៉ាទីន របស់​សហរដ្ឋ​អាមេរិក​រួចរាលហើយ តាមរយៈការចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រវាងរដ្ឋមន្ត្រីការពារជាតិ​ស្លូវ៉ាក ​លោក ភីធើ ហ្គាចដូស (Peter Gajdos) និង​​នាយករង​ក្រុមហ៊ុន Lockeed Martin លោកស្រី អាណា វូហ្គោហ្វស្គី (Ana Wugofsko)។

តាមរយៈកិច្ច​ព្រមព្រៀង​តម្លៃ ១.៨ពាន់លានដុល្លារខាងលើនេះ តម្រូវឲ្យក្រុមហ៊ុន​ផលិត​សព្វាវុធអាមេរិក Lockeed Martin ​បញ្ជូនយន្តហោះចម្បាំងទាំង ១៤គ្រឿង មកកាន់ប្រទេស​ស្លូវ៉ាកនៅឆ្នាំ២០២៣ ជាមួយនឹង​គ្រឿង​បរិក្ខា​បន្ទាប់សន្សំ (អាវុធបន្ថែម) សម្រាប់បំពាក់ឲ្យយន្តហោះ ព្រមទាំងការ​បង្វឹក​អវកាយានិក​​របស់ស្លូវ៉ាក​​ ឲ្យចេះប្រើប្រាស់​យន្តហោះចម្បាំង​ទាំងនេះផងដែរ។

គួរបញ្ជាក់ថា ប្រទេសស្លូវ៉ាក​ក៏ជាសមាជិកមួយផងដែរ​របស់អង្គការ NATO ហើយ​​ការ​ទិញ​យន្តហោះចម្បាំងថ្មីៗ​បន្ថែមទៀត​នេះ ត្រូវបានគេមើល​ឃើញថា ជាការធ្វើ​ឲ្យ​ស្លូវ៉ាក​មាន​សមត្ថភាពសមស្រប​ទៅហ្នឹងភាពជា​សមាជិករបស់ NATO ដូច​បណ្តា​​ប្រទេសធំៗ​ផ្សេង​ទៀត ហើយវាក៏​សមស្របទៅតាម​ការប្តេជ្ញារបស់ស្លូវ៉ាក់ ក្រោមការជម្រុញទឹកចិត្តដោយ​សហរដ្ឋអាមេរិក​ឲ្យ​​បណ្តា​ប្រទេស NATO ទាំងអស់​ចំណាយថវិកាជាតិ​យ៉ាងហោច​ណាស់ ២ភាគរយ នៃ GDP ទៅលើ​វិស័យ​ការពារជាតិ។ នេះបើតាម​ការចេញផ្សាយដោយ​កាសែត​ វ៉ាស៊ីនតោន​ប៉ុស្តិ៍ ដែលត្រូវ​បានដកស្រង់នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨៕

 

Loading...