
អង់ការ៉ា ៖ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានចេញផ្សាយថា ប្រធានាធិបតីតួកគី លោក រេសិប តាយយីព អឺដូហ្គាន់ បាននិយាយថា តួកគីមានបំណងទិញយន្ដហោះចម្បាំងបំបំាងកាយអាមេរិក F-35 ចំនួន១២០គ្រឿង បើទោះជាមានព័ត៌មានជាច្រើនថា ទីក្រុងវ៉ាស៊ីនតោនអាចលុបចោលគម្រោងលក់យន្ដហោះចម្បាំងនេះឲ្យទីក្រុងអង់ការ៉ា ដោយសារតែការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីក៏ដោយ។
នាឱកាសពិធីជួបជុំមួយនៅឯទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃអាទិត្យលោក អឺដូហ្គាន់ បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងទិញយន្តហោះចម្បាំង F-35 ចំនួន១២០គ្រឿងពីសហរដ្ឋអាមេរិក ហើយសមាសធាតុមួយចំនួនសម្រាប់យន្ដហោះចម្បាំងនេះ ត្រូវបានផលិតនៅក្នុងប្រទេសតួកគី»។
គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក អឺដូហ្គាន់ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ជំនួយការម្នាក់របស់លោកបានឲ្យដឹងកាលពីថ្ងៃសៅរ៍ នៅឯវេទិកាមួយក្នុងទីក្រុងដូហា ប្រទេសកាតាថា សហរដ្ឋអាមេរិកអាចនឹងលុបចោលការលក់យន្ដហោះ F-35 ឲ្យតួកគី បើសិនជាទីក្រុងអង់ការ៉ាមិនព្រមលុបចោលគម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ីទេនោះ៕

