បង្ក្រាបទីតាំងម៉ាស្សាយីហោ “៩៩” មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ដោយឃាត់ខ្លួនមនុស្សចំនួន៦នាក់

December 20, 2018 103

ភ្នំពេញ ៖ កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន ចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ “៩៩” មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ដោយឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះម្ចាស់ទីតាំងម្នាក់ នារីរងគ្រោះចំនួន៤នាក់ និងអ្នកដាំបាយម្នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង​៥៖៣០នាទីល្ងាច នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៦៥ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូង រាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ទៀង ពុទ្ធាវី ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ៦៥ ផ្លូវ៤៣២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ ៩៩ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង ៩៖០០ព្រឹក រហូតដល់យប់ជ្រៅរំលងអាធ្រាត ដោយមាននារីក្មេងចាស់ចំនួន៤នាក់ រង់ចាំភ្ញៀវ មកម៉ាស្សា និងម៉ាស្សាក្រលៀន (សាប់និងបៀមលិង្គ) ដោយ តម្លៃចាប់ពី ១៥ដុល្លារអាមេរិក ទៅ​២០ដុល្លារអាមេរិកក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ចំនួន៦នាក់ ក្នុងនោះនារីរងគ្រោះចំនួន៤នាក់ (អនីតិជនម្នាក់)។ ម្ចាស់ទីតាំងស្រីម្នាក់ ត្រូវបាននាំខ្លួនយកមកការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរតាមនីតិវិធី។ នេះបើតាមការឲ្យដឹងបន្ថែម​ ពីសមត្ថកិច្ច។

សូមបញ្ជាក់ផងដែរថា នារីរងគ្រោះទាំង៤នាក់នោះ ត្រូវបាននគរបាលប្រគល់ជូនអង្គការសង្គមកិច្ច ដើម្បីធ្វើការអប់រំ និងអ្នកដាំបាយម្នាក់ ត្រូវនគរបាលឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ព្រោះគ្មានការពាក់ព័ន្ធ៕

Loading...