លោកស្រីអភិបាល​រដ្ឋ Puebla និង​ស្វាមី​ បានស្លាប់​នៅក្នុងគ្រោះ​ថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ

December 25, 2018 35

ម៉ិចស៊ីកូ ៖ អាជ្ញាធរ​ម៉ិចស៊ីច​ បានឲ្យដឹងថា លោកស្រីអភិបាល​រដ្ឋ Puebla និង​ស្វាមី​របស់លោកស្រី ដែលជា​សមាជិកព្រឹទ្ធសភាមួយរូប​​ផងដែរនោះ បានស្លាប់​នៅក្នុងគ្រោះ​ថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីលោកស្រី​បានស្បថចូលកាន់​តំណែង។ សារព័ត៌មាន RT បានចេញផ្សាយដឹងនៅ​ព្រឹកថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

អភិបាលរ​ដ្ឋ ភឺប្លា (Puebla) គឺ​លោកស្រី ម៉ាថា អ៊ែរីកា អាឡុនសូ (Martha Erika Alonso) និងប្ដីរបស់លោកស្រី​ជាសមាជិកព្រឹទ្ធសភា​គឺលោក រ៉ាហ្វអែល ម៉ូរ៉េណូ (Rafael Moreno) បានស្លាប់ភា្លមៗ​នៅក្នុងគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្រៅរដ្ឋ Puebla នៅថ្ងៃចន្ទ​សប្ដាហ៍នេះ។

បន្ថែមពីលើនេះ ​ប្រធានាធិបតី​​ម៉ិចស៊ីកូ លោក អាន់ឌ្រែស ម៉ាណូអ៊ែល ឡូប៉េស (Andres Manuel Lopez Obrador) ក៏បានទទួល​ស្គាល់ការបាត់បង់ជីវិត​របស់អ្នកទាំងពីរ​ផងដែរ ខណៈ​ព្រឹទ្ធសភា បង្ហាញការ​សោកស្ដាយ​ជាខ្លាំង។ «នេះគឺជា​ព័ត៌មានដ៏រន្ធត់... ហើយយើង​ពិតជាសោកស្ដាយ​ និងសោកសៅជា​ពន់ពេក​សម្រាប់ការ​បាត់បង់អ្នក​ទាំងពីរ»។ នេះជាការ​គូសបញ្ជាក់របស់​ប្រធានព្រឹទ្ធសភា​លោក រីកាដូ ម៉ុនរៀល (Ricardo Monreal Avila)។

គួរបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ នៅមិនទាន់មាន​ព័ត៌មាន​បញ្ជាក់ពីមូលហេតុ​ នៃគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រនេះ​ឡើយទេ ដែលវាបានកើត​ឡើងនៅក្បែរ​ទីក្រុង សាន់តា ម៉ារៀ ខូរ៉ូណាងហ្គោ (Santa María Coronango) ស្របពេល​ការស៊ើបអង្កេតកំពុង​ដំណើរការ៕

Loading...